រថយន្តបែនដឹកដីមួយគ្រឿង បែកកង់ក្រឡាប់កណ្ដាលផ្លូវនៅលើស្ពានអ្នកលឿង
(ព្រៃវែង)៖ រថយន្តបែនដឹកដីមួយគ្រឿង បានផ្ទុះបែកកង់ក្រោយផ្នែកខាងឆ្វេង ក្រឡាប់កណ្ដាលផ្លូវនៅលើស្ពានអ្នកលឿង ធ្វើឱ្យរថយន្តតូចធំជាច្រើនគ្រឿងបានកកស្ទះខ្លាំងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអ្នកលឿងត្រើយខាងលិច ស្ថិតនៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សមត្ថកិច្ចសម្រួលចរាចរណ៍នៅលើស្ពានអ្នកលលឿង បានឱ្យដឹងថា រថយន្តបែនក្រឡាប់នេះ ពាក់ស្លាលេខភ្នំពេញ 3D-1765 ដឹកខ្សាច់ភ្នំ មកពីភ្នំឈើកាច់ គោលដៅទៅស្រុកលើកដែក។ តែពេលមកដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះបែកកង់ក្រោយផ្នែកខាងឆ្វេង ទើបធ្វើឲ្យរថយន្តក្រឡាប់ដេកនៅកណ្ដាលផ្លូវតែម្ដង។
សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបានបណ្ដាលឲ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែអ្នកបើកបររថយន្តបែនខាងលើបានរងរបួសស្រាល ។ ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចនគរបាលស្រុកលើកដែកបានចុះមកជួយអន្តរាគមន៍សម្រួលចរាចរណ៍ភ្លាមៗផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែរថយន្តឆ្លងកាត់លើស្ពានអ្នកលឿងនេះច្រើនពេក ហើយរថយន្តដែលក្រឡាប់យកចេញពីលើស្ពានមិនងាយបាន ទើបធ្វើឲ្យរថយន្តតូចធំ ត្រូវកកស្ទះបន្តកន្ទុយគ្នាបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



