ព័ត៌មានជាតិ October 4, 2025

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ច្រានចោលការចោទប្រកាន់របស់ក្រុមប្រឆាំងថា កងកម្លាំងបានវ៉ៃកម្មកររោងចក្រ ដែលធ្វើកូដកម្មបិទផ្លូវជាតិលេខ៣ នៅស្រុកគងពិសី

Liny Chan

(កំពង់ស្ពឺ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញមកបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា កងកម្លាំងបានវ៉ៃទៅលើកម្មកររោងចក្រ ដែលធ្វើកូដកម្មបិទផ្លូវជាតិលេខ៣ នៅស្រុកគងពិសី ហើយកម្មកររោងចក្រ វ៉ៃមកលើកងកម្លាំងវិញ គឺជារឿងមិនពិតនោះទេ។

តាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមហ៊ុន តារាល អ៊ុនធើណេសិនណល ឯ.ក ស្ថិតនៅភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានកម្មករ-កម្មការិនី កើតមានវិវាទការងាររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ ក្នុងនោះវិវាទការងារត្រូវបានក្រុមការងារអគ្គនាយកដ្ឋានការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារខេត្តបានធ្វើការ សម្របសម្រួលដោះ ស្រាយរវាងបងប្អូនកម្មករ-កម្មការិនី តំណាងសហជីពប្រចាំរោងចក្រទទួលបានលទ្ធផលមួយចំនួន តែលក្ខខណ្ឌមួយចំនួនទៀត មិនទាន់ទទួលការយល់ព្រមដោយកម្មករ-កម្មការិនី។

លុះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤០នាទី បងប្អូនកម្មករ-កម្មការិនី បាននាំគ្នាឡើងទៅបិតកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ បង្កឲ្យមធ្យោបាយ របស់បងប្អូនអ្នកធ្វើដំណើរទូទៅ អាជីវករជាប់កកនៅលើផ្លូវគ្មានលទ្ធភាពរំកិលបាន។

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ មាននគរបាល កងរាជអាវុធហត្ថ និងគណៈបញ្ជាការរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន បានធ្វើការសហការសម្របសម្រួល ជាមួយបងប្អូនកម្មករ-កម្មការិនី ដែលកំពុងតែនាំ គ្នាធ្វើការបិតកំណាត់ផ្លូវជាតិលេខ៣ ក្នុងន័យសម្រួលចរាចរណ៍ សណ្តាប់ធ្នាប់ រក្សាសន្តិសុខ ជូនបងប្អូនកម្មករ-កម្មការិនី ប្រជាពលរដ្ឋដែលត្រូវការធ្វើដំណើរឆ្លងកាត់ និងមិនមានការប៉ះទង្គិចណាមួយកើតឡើង ទៅលើបងប្អូនកម្មករ-កម្មការិនី ក្នុងពេលសម្របសម្រួលនៃការបើកផ្លូវ បងប្អូនកម្មករបានចូលរួម ដោះស្រាយប្រកបដោយសីលធម៌និង ការយោគយល់អធ្យាស្រ័យគ្នាល្អ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបដិសេធលើការផ្សព្វផ្សាយតាមបណ្តាញសង្គមខាងលើ ដែលបានចោទថា កងកម្លាំងបានធ្វើការវ៉ៃទៅលើបងប្អូនកម្មករ-កម្មការិនី និងបងប្អូន កម្មករ-កម្មការិនី វ៉ៃមកលើកងកម្លាំងវិញ ករណីនេះគឺជារឿងមិនពិតនោះទេ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មានបងប្អូនកម្មករ-កម្មារិនី បានធ្វើកូដកម្មនៅមុខរោងចក្រ «តារាល អ៊ីនធើណេសិនណល ឯ.ក» (TARAL INTERNATIONAL CO., LTD) តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិថែមទៀតផង។ រោងចក្រ តារាល អ៊ីនធើណេសិនណល (ខេមបូឌា) ឯ.ក មានសកម្មភាពផលិតសម្លៀកបំពាក់ ដោយមានកម្មករសរុបចំនួន ៥,៣១៤នាក់ (ស្រី៣,៦៦៤នាក់)។

តែក្រោយកើតមានរឿងនេះ ថ្នាក់ដឹកនាំក្រសួងការងារ រួមជាមួយអាជ្ញាធរខេត្ត បានជួបពិភាក្សាជាមួយតំណាងកម្មករ និងភាគីនិយោជក ហើយបានឈានដល់ការដោះស្រាយបញ្ហាមួយចំនួនផងដែរ ខណៈលក្ខខណ្ឌផ្សេងទៀតកំពុងបន្តដោះស្រាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News