ព័ត៌មានជាតិ October 6, 2025

គ្រោះទឹកជំនន់បណ្ដាលឲ្យប៉ះពាល់ដល់លំនៅឋាន និងកសិផលរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៨ នៃខេត្តរតនគិរី ស្មើជាង ៥,០០០គ្រួសារ

Liny Chan

(រតនគិរី)៖ ខេត្តរតនគិរី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ មានករណីគ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលឲ្យរងផលប៉ះពាល់ចំនួន៨ស្រុក ស្មើនឹង២៧ឃុំ ៩៨ភូមិ។ នេះជាការលើកឡើងរបស់លោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

លោកអភិបាលរង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តគាំទ្រ និងដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ ដែលនឹងជួយឲ្យសង្គមទាំងមូលអាចត្រៀមខ្លួន ចំពោះបញ្ហាប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ ដោយធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីភាពធន់ទៅនឹងគ្រោះមហន្តរាយ និងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្របខណ្ឌការងារសេនដោយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០។

ជាក់ស្តែង ក្នុងខេត្តរតនគិរីនាពេលថ្មីៗមកនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ មានករណីគ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលឲ្យរងផលប៉ះពាល់ចំនួន៨ស្រុក ស្មើនឹង២៧ឃុំ ៩៨ភូមិ (ស្រុកលំផាត់, ស្រុកកូនមុំ, ស្រុកអណ្តូងមាស, ស្រុកវើនសៃ, ស្រុកអូរជុំ, ស្រុកបរកែវ, ស្រុកអូរយ៉ាដាវ និងស្រុកតាវែង) ដែលប៉ះពាល់ពលរដ្ឋចំនួន៥,០១៦គ្រួសារ ប្រជាពលរដ្ឋ២០,០៥៨នាក់ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ២៧២គ្រួសារ និងមានករណីមនុស្ស ស្លាប់ចំនួន ១នាក់ បាត់ខ្លួនចំនួន៤នាក់ ជំនន់ទឹកភ្លៀងលិចហូរកួចផ្ទះចាំចម្ការ នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។

ក្នុងឱកាសនេះ លោក ម៉ា វិចិត្រ បានថ្លែងនូវអំណរគុណចំពោះអស់លោក, លោក-លោកស្រី សិក្ខាកាម ដែលបានចូលរួមក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងអង្គការឃែរ ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ លោកសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹងកាន់តែច្បាស់លាស់ ក្រោយបញ្ចប់អង្គសិក្ខាសាលានេះ និងចូលរួមអនុវត្តយ៉ាងក្លៀវក្លានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News