ព័ត៌មានជាតិ October 6, 2025

ផ្អាកការចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវកៅស៊ូលេខ៣៨៣B ចាប់ពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ជាបណ្តោះអាសន្ន ដោយសារទឹកជំនន់ហក់ឡើងខ្ពស់

Liny Chan

(ព្រៃវែង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានជូនដំណឹងពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ៣៨៣B ត្រង់ចំណុច គ.ម ០៤+០០០ ដល់ចំណុច គ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវង។

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ៣៨៣B ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍បាន។

ជាមួយគ្នានេះ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ៣៨៣បេ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

លោកមេឃុំរកា ស្រុកពារាំង បានថ្លែងថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដីស្រែប្រជាពលរដ្ឋនៅឃុំរកាចំនួន៧០ហិកតា និងប៉ះពាល់ផ្លូវមួយចំនួនទៀត ក្នុងនោះក៏មានការហូរច្រោះដាច់កាត់ផ្លូវក្រៅកៅស៊ូប្រវែង ៧ម៉ែត្រ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ កំពុងសស្រាក់ស្រាំជួសជុលផ្លូវមានហូរច្រោះដោយបានយកប៉ាវខ្សាច់ដាក់ដីទប់ផងដែរ។

លោកមេឃុំរកា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន កុំនាំគ្នាចុះលេងទឹកដែលនាំឲ្យលង់ទឹកគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសនោះ ចំពោះផ្លូវហូរច្រោះដាច់ សូមបងប្អូនបញ្ឈប់ការធ្វើដំណើរជាបន្ទាន់ ដែលនាំឲ្យមានការគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News