ព័ត៌មានជាតិ October 8, 2025

ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា កាត់ដើមឈើយាង អាយុប្រហែលពី៧០ ទៅ៨០ឆ្នាំ ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ

Liny Chan

(សៀមរាប)៖ ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំង ស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។

លោកពន្យល់ថា ដើមយាងនេះ មានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងដើម្បីឱ្យវាមានលូតលាស់ មានជីវិតបន្តទៀត។

ដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើនជោគជាំ ដូច្នេះបណ្ដាលឱ្យដើមឈើតូចធំជាច្រើន ពិសេសដើមយាង ចាមរី និងស្រឡៅ រងការដួលរលំច្រើន។ ចំពោះដើមយាង នៅពេលវាកាន់តែចាស់ ការលូតលាស់របស់វាក៏អន់ថយ ធ្វើឱ្យមែកវាស្អុយខាងក្នុង បើទោះបីគ្មានភ្លៀង ក៏វាងាយនឹងបាក់ដែរ។

លោក គង់ សុវណ្ណារិទ្ធ បន្ថែមថា ក្រុមការងារគ្រប់គ្រងព្រៃឈើ តែងប្រចាំការជាប់ជាប្រចាំមិនថាថ្ងៃឬឈប់ ចុះកាត់ និងដកហូតភ្លាមៗ ចំពោះដើមឈើដែលបង្កហានិភ័យ ឬដួលនៅតាមផ្លូវ និងក្នុងប្រាសាទជាដើម។

បន្ថែមពីនេះ អ្នកជំនាញព្រៃឈើ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ពេលមកកម្សាន្តនៅរមណីយដ្ឋានអង្គរនារដូវនេះ សូមកុំចតយានយន្តនៅក្រោមដើមឈើធំៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News