ព័ត៌មានជាតិ October 10, 2025

BREAKING: គិតត្រឹមម៉ោង១១៖៤៥នាទីព្រឹក សភាពការណ៍នៅភូមិព្រៃចាន់ និងភូមិជោគជ័យ មានភាពស្ងប់ស្ងាត់ធម្មតា

Liny Chan

(ព្រំដែន)៖ សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានជួរមុខរបស់បណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា គិតត្រឹមម៉ោង១១៖៤៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ សភាពការណ៍នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ធម្មតា ហើយគ្មានការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋដូចការផ្សាយមិនពិតតាមបណ្ដាញសង្គម និងព័ត៌មានរបស់ថៃនោះឡើយ។

ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

សូមគូសបញ្ជាក់ថា បើយោងតាមផែនការ ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំ នៅភូមិទាំងពីរខាងលើនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News