ព័ត៌មានជាតិ October 11, 2025

ផ្អាកការងារចំពោះមន្រ្តីនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន៤រូប ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់

Liny Chan

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានសម្រេចផ្អាកការងារមន្រ្តីនគរបាលចំនួន៤រូប នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចនាំមនុស្សឆ្លងដែនខុសច្បាប់។

មន្រ្តីនគរបាលទាំង៤នាក់ រួមមាន៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១, លោកវរសេនីយ៍ត្រី ព្រំ ភរ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្លុង និងមន្រ្តីនគរបាល២នាក់ទៀត។

សូមរំលឹកថា មន្រ្តីនគរបាលសសរុប៦នាក់ ត្រូវបានកម្លាំងកងពលលេខ៥១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅចំណុចប៉ុស្ដិ៍ការពារព្រំដែនគោកអូរល្ហុង ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News