ព័ត៌មានជាតិ October 17, 2025

មន្ដ្រីជាន់ខ្ពស់ CDC ស្នើចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន

Liny Chan

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារ ជាមួយជាមួយគណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី។

ជំនួបនេះ ដោយមានការចូលរួមពីលោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ជំនួបនេះ ធ្វើឡើងនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចកម្ពុជាដោយផ្ទាល់ ក្នុងកាលៈទេសៈដ៏សមស្របបំផុត។

លោកអគ្គលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ប្រជាជនចិន និងថ្នាក់ដឹកនាំនៃទីក្រុងអ៊ូស៊ី ដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនចិន ពិសេសវិនិយោគិន មកពីទីក្រុងអ៊ូស៊ី ឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និយាយជារួម និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និយាយដោយឡែក។

ជាកិច្ចបន្ទាប់ អគ្គលេខាធិការ បានលើកទ្បើងពីភាពល្អប្រសើរ នៃស្ថានភាពវិនិយោគនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាមួយគ្នានេះ អគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា និងដាក់ចេញនូវវិធានការថ្មីៗសំដៅសម្រួលដល់ការធ្វើធុរកិច្ចនិងវិនិយោគ។

អគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្ម ដែលប្រើបច្ចេកវិទ្យាទំនើបមកកម្ពុជា។

មួយវិញទៀត លោកអគ្គលេខាធិការ ក៏បានស្នើសូមឱ្យភាគីចិន ជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជា ឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។

ជាការឆ្លើយតប លោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់អគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក Du Xiaogang បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។

លោក Du Xiaogang បានឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមក និងដើម្បីបន្តកិច្ចការមួយចំនួន ដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលនោះ ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសចិន។

លោក Du Xiaogang ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ី ក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះ បានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

មុននឹងបញ្ចប់ លោក Du Xiaogang បានបង្ហាញនូវការប្តេជ្ញា ក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែមានការរីកចម្រើនមួយកម្រិតទៀត តាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។

ជាទីបញ្ចប់ លោក Du Xiaogang បានលើកឡើងនូវសំណូមពរមួយចំនួន សំដៅបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News