រដ្ឋសភាកម្ពុជា បដិសេធចំពោះព័ត៌មាន The Nations របស់ថៃ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាម របស់ថៃនៅឆាកអន្តរជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបដិសេធចំពោះព័ត៌មាន The Nations របស់ថៃ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាម របស់ថៃនៅឆាកអន្តរជាតិ។

ខ្លឹមសារទាំងស្រុង សេចក្តីថ្លងការណ៍របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៖
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបថា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) ដែលដឹកនាំដោយប្រធានប្រតិភូសភាសិង្ហបុរី និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដឹកនាំដោយប្រធានប្រតិភូសភាចិន ក្នុងមហាសន្និបាតលើកទី ១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ
ប្រទេសស្វីស។ ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ងី ច័ន្ទផល ជាតំណាងគណៈប្រតិភូសភាកម្ពុជា បានបង្ហាញ
ជំហរប្រកបដោយមិត្តភាពជាមួយគណៈប្រតិភូថៃ ជាពិសេសចំពោះប្រធានគណៈប្រតិភូសភាថៃ ឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ៍រមៈថា ប្រធានរដ្ឋសភាថៃ ដែលបានអញ្ជើញមកចាប់ដៃគួរសមជាមួយគណប្រតិភូសភាកម្ពុជា។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថៃ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ។ ផ្ទុយទៅវិញ សម្រាប់សេចក្តីព្រាងរបៀបវារៈបន្ទាន់ (Emergency Item) ស្តីពី “ការពង្រឹងយន្តការនៃស្ថាបន័នីតិបញ្ញត្តិទាក់ទងនិងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ុនពិត ក្នុងន័យលើកម្ពស់គោលការណ៍មនុស្សធម៌” ដែលគណៈប្រតិភូថៃបានស្នើឱ្យដាក់ចូលមហាសន្និបាតនៃសហភាពអន្តរសភា (IPU) គណៈប្រតិភូសភាកម្ពុជា បានសម្តែងមតិគាំទ្រដោយបានធ្វើការកែសម្រួលដោយភាពស្ថាបនាលើខ្លឹមសារសេចក្តីព្រាងរបៀបវារៈបន្ទាន់ ដើម្បីជួយធ្វើឱ្យខ្លឹមសារកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាពខ្ពស់ និងគុណតម្លៃជាសកល។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជំហររបស់កម្ពុជាថា ក្នុងឋានៈជារដ្ឋឯករាជ្យមាន អធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក ជាសមាជិកនៃអង្គការសហប្រជាតិ កម្ពុជានឹងបន្តនូវតួនាទីនៃការស្ថាបនា ដើម្បីរស់នៅក្នុងសកលលោក និងជាពិសេសសហគមន៍អាស៊ានមួយ ដែលមានសាមគ្គីភាពកិច្ចសហប្រតិបត្តការ និងការគោរពច្បាប់អន្តរជាតិ។ មិត្តភាពរវាងកម្ពុជានិងថៃ ត្រូវផ្អែកលើគុណតម្លៃនៃការយោគយល់គ្ន ការគោរពគ្នា និងសមភាព ដែលជាកត្តាចំបាច់ដើម្បីទ្រទ្រង់សន្តិភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងតំបន់៕ ផ្ដល់សិទ្្ធិដោយ៖ Fresh News


