លោក ខៀវ កាញារីទ្ធ និងអភិបាលខេត្តកែប ប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់លោក KLEIN NORBERT HAN ជនជាតិអាល្លឺម៉ង់
(កែប)៖ លោក ខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់លោក ក្លែន ន័បឺត ហាន់ (KLEIN NORBERT HAN) ជនជាតិអអាល្លឺម៉ង់ កើតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៣៤ ទីក្រុង NOVIVRBAS សាធារណរដ្ឋស៊ែបី។

ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរខាងលើ បានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកែប ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប។
លោក KLEIN NORBERT HAN ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ផ្ដល់សញ្ជាតិខ្មែរ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីរូបលោកបានកសាងស្នាដៃជាច្រើនជួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិកម្ពុជាអស់ជាច្រើនឆ្នាំកន្លងមកនេះ។
សូមរំលឹកថា លោក ក្លែន ន័បឺត ហាន់ បច្ចុប្បន្នកំពុងរស់នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងជាម្ចាស់ចំការម្រេចកំពត (GI) មួយកន្លែងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News










