ព័ត៌មានជាតិ October 22, 2025

ទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បង្ហើបពីគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ី នៅផ្លូវថ្មើរជើងចតុមុខ នៅថ្ងៃទី២២ ឬថ្ងែទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ

Naren

(ភ្នំពេញ)៖ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ។ គម្រោងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ឬថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។

នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាន់តូ ជាម៉ូស៊ូម៉ាតូ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានថ្លែងថា រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីចង់បាន គឺធ្វើការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើនកាន់តែកើនឡើង។

ទន្ទឹមនិងកំណើននេះ លោកក៏បានថ្លែងនូវការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ។ មកដល់ពេលនេះនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ីរហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឱ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត នៅក្នុងតំបន់អាស៊ាន។

ឯកអគ្គរដ្ឋទូត បានបន្តថា៖ «ការបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ នៅរាជធានីភ្នំពេញ បានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឱ្យមានកម្មវិធីកំសាន្តយ៉ាងច្រើន នៅលើផ្លូវថ្មើរជើងចតុមុខនេះ។ ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីយើង នឹងអាចដាក់ឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើរជើងចតុមុខ។ គម្រោងនេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។ ការបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង វានឹងអាចឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំនាក់ទំនង ភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត»។

ជាកិច្ចឆ្លើយតប និងការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្ដល់ជូនទៅឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឱ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខ ដោយលោកស្នើឱ្យស្ថានទូតឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ ដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ថា នៅផ្លូវថ្មើជើងចតុមុខ មានទីតាំងលក់សម្ភារប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឱ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ។

លោម ឃួង ស្រេង បានថ្លែងនូវការអរគុណ ចំពោះស្ថានទូតឥណ្ឌូនេស៊ីផងដែរ ដែលមានគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខនេះ ដែលនេះជាការលើកទឹកចិត្ត ជាការផ្ដល់កម្លាំងចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានផ្លូវថ្មើជើងចតុរមុខនេះឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

នាឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា សម្រាប់កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ៦៦ឆ្នាំហើយ។ ឥណ្ឌូនេស៊ី បានរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ (Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េ ប្រវែង៦.២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា «មហាវិថី ស៊ូកាណូ» (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េ ប្រវែង ៥.៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា «មហាវិថី អាលី អាឡាតាស់» (Ali Alatas Boulevard)។ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានថ្លែងអំណរអរគុណយ៉ាងជាជ្រៅផងដែរ ចំពោះអនុព័ន្ធយោធារបស់ឥណ្ឌូណេស៊ី ដែលបានចុះត្រួតពិនិត្យបទឈប់បាញ់ រវាងកម្ពុជានិងថៃ នៅព្រំដែនក្រោយពីការប៉ះទង្គិចគ្នាប្រាំថ្ងៃ ដែលបានធ្វើឱ្យកាត់បន្ថយបាននូវការស្លាប់ និងរបួសទាហានកម្ពុជា និងទាហានថៃ។ លោកអភិបាលក៏សូមអរគុណផងដែរ ចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលបានជួយកម្ពុជាកន្លងមក។

លោក ឃួង ស្រេង បានស្នើឱ្យអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ផ្ដល់ភាពយុត្តិធម៌ជូនកម្ពុជា។ កម្ពុជាឆ្អែតឆ្អន់ ចំពោះសង្គ្រាមហើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News