តំណាងរាស្ត្រកូរ៉េខាងត្បូងមួយក្រុម អមជាមួយសមត្ថកិច្ចកម្ពុជា ចុះទៅពិនិត្យអគារសេះស នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលសង្ស័យមានបទល្មើស Online Scam, តែរកមិនឃើញមានជនជាតិកូរ៉េណាម្នាក់ ត្រូវចាប់បង្ខាំងឡើយ
(ភ្នំពេញ)៖ គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយlok KIM, SEOK-KI តំណាងរាស្ត្រមកពីគណបក្សប្រឆាំង និងតំណាងរាស្ត្រមកពីគណបក្សដឹកនាំរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា ចុះត្រួតពិនិត្យទីតាំងសង្ស័យមានលួចប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពេលអញ្ជើញទៅពិនិត្យផ្ទាល់ ក្រុមតំណាងរាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង មិនបានរកឃើញមានជនជាតិរបស់ខ្លួនណាម្នាក់ ត្រូវបានចាប់បង្ខាំង និងធ្វើទារុណកម្មនោះឡើយ ពោលពួកគេបានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ដោយប្រមូលផ្តុំគ្នា ហើយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធ Online។
សូមបញ្ជាក់ថា ពេលចុះប្រតិបត្តិការបង្រ្កាបក្នុងទីតាំងនេះនាពេលកន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា បានឃាត់ខ្លួនជនបរទេស៨៦នាក់ ក្នុងនោះស្រី៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េ៥៧នាក់ (ស្រី២នាក់) និងជនជាតិចិន២៩នាក់ (ស្រី៣នាក់)។ សម្ភាររួមមាន៖ កុំព្យូទ័រចំនួន ១២៦គ្រឿង និងទូរសព្ទដៃ ចំនួន ៣០គ្រឿង ត្រូវសមត្ថកិច្ចដកហូតផងដែរ។
ពេលចុះពិនិត្យរួមគ្នានោះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញជូនគណៈប្រតិភូកូរ៉េនូវភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។ ក្រោយបានទទួលព័ត៌មាន និងពិនិត្យឃើញដោយផ្ទាល់ ដូច្នេះ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានយល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះ មិនត្រូវបានអ្នកណាបង្ខាំង បង្ខិតបង្ខំទេ គឺពួកគេបានធ្វើសកម្មភាពល្មើសខ្លួនឯង។
ជាមួយគ្នានេះ ក្រុមតំណាងរាស្រ្តប្រទេសកូរ៉េ ក៏បានស្នើសុំភាគីកម្ពុជា ឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោង នៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។
លោក KIM, SEOK-KI តំណាងរាស្ត្រ នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា នៅពេលដែលត្រឡប់ទៅប្រទេសវិញ លោកនឹងយកលទ្ធផលខាងលើនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីកុំឱ្យមានការយល់ច្រឡំមកលើ កម្ពុជាជុំវិញបញ្ហា online scam នេះ ហើយក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជាផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





