ចិន បង្ហាញការមិនពេញចិត្តចំពោះសហភាពអឺរ៉ុប ដែលដាក់បញ្ចូលក្រុមហ៊ុនចិនក្នុងកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៉ី
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យសហភាពអឺរ៉ុប (EU) បញ្ឈប់ជាបន្ទាន់នូវការដាក់បញ្ចូលសហគ្រាសចិនទៅក្នុងកញ្ចប់ទណ្ឌកម្មទី១៩ របស់ខ្លួនប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

អ្នកនាំពាក្យរូបនោះបានសម្តែងការមិនពេញចិត្ត និងការប្រឆាំងយ៉ាងដាច់ខាត ដោយបានបញ្ជាក់ថា ទោះបីជាចិនបានព្យាយាមចរចា និងបញ្ចុះបញ្ចូលជាច្រើនលើកច្រើនសាក៏ដោយ សហភាពអឺរ៉ុបនៅតែបដិសេធមិនព្រមផ្លាស់ប្តូរជំហរ។ នៅក្នុងកញ្ចប់ទណ្ឌកម្មទី១៩ របស់ខ្លួន EU បានដាក់ទណ្ឌកម្មជាលើកដំបូងលើរោងចក្រចម្រាញ់ប្រេង និងក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់ចិន។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ទង្វើរបស់សហភាពអឺរ៉ុបគឺផ្ទុយពីស្មារតីនៃការឯកភាពគ្នាដែលសម្រេចបានរវាងមេដឹកនាំចិន និងសហភាពអឺរ៉ុប ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខថាមពលពិភពលោក។
ចិនបានព្រមានសហភាពអឺរ៉ុបមិនឱ្យបន្តដើរលើផ្លូវខុសនេះទៀត ដោយបានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់សហគ្រាសចិន ក៏ដូចជាសន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

