Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ត្រាំ ថាអាមេរិកនឹងដកការគាំទ្ររបស់ខ្លួន ប្រសិនបើអ៉ីស្រាអែល កាត់បញ្ចូលទឹកដីក្នុងតំបន់ West Bank

    BY Liny Chan October 24, 2025
    លោក ត្រាំ ថាអាមេរិកនឹងដកការគាំទ្ររបស់ខ្លួន ប្រសិនបើអ៉ីស្រាអែល កាត់បញ្ចូលទឹកដីក្នុងតំបន់ West Bank

    (វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ថាអ៉ីស្រាអែល នឹងបាត់បង់ការគាំទ្រដ៏សំខាន់ពីសហរដ្ឋអាមេរិក ប្រសិនបើកាត់បញ្ចូលកន្លែងតាំងទីលំនៅ ក្នុងតំបន់ West Bank ជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ ២០២៥។

    ការអត្ថាធិប្បាយរបស់លោក ត្រាំ ដែលទស្សនាវដ្តី Time ថាបានធ្វើឡើងតាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ ត្រូវបានបោះពុម្ពផ្សាយស្របពេលដែលអនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ក៏បានព្រមានប្រឆាំងទៅដំណើរការកាត់បញ្ចូលទឹកដីនៃតំបន់ West Bank នេះដែរ។ នៅពេលត្រូវបានសួរថា តើអ្វីទៅជាផលវិបាកសម្រាប់អ៉ីស្រាអែល នៅតែធ្វើដូច្នោះ លោក ត្រាំ បញ្ជាក់ថា «វាមិនអាចកើតឡើងទេ ព្រោះខ្ញុំបានសន្យាជាមួយប្រទេសអារ៉ាប់រួចហើយ។ គេ (អ៉ីស្រាអែល) មិនអាចធ្វើដូច្នោះឡើយឥឡូវនេះ យើងមានការគាំទ្រដ៏អស្ចារ្យពីអារ៉ាប់»។ លោកបន្ថែមថា «អ៉ីស្រាអែល នឹងបាត់បង់រាល់ការគាំទ្រពីអាមេរិក បើរឿងនោះកើតឡើង»

    គួរបញ្ជាក់ថា អ៉ីស្រាអែល បាននិងកំពុងជំរុញដំណើរការបញ្ចូលកន្លែងតាំងទីលំនៅ ក្នុងតំបន់ West Bank ជាទឹកដីរបស់ខ្លួន ដោយសភាបានយល់ព្រមជាបឋម លើសេចក្តីព្រាងអនុវត្តច្បាប់នៅទីនោះ កាលពីថ្ងៃពុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: