ព័ត៌មានជាតិ October 24, 2025

ឆេះផ្សារទំនើប ហេង ឆៃលី នៅក្រុងបាត់ដំបង និងរាលដាលដល់ផ្ទះពលរដ្ឋជាច្រើនខ្នងទាំងកណ្ដាលយប់

Liny Chan

(បាត់ដំបង)៖ អាគាផ្សារទំនើប ហេង ឆៃលី ត្រូវបានអគ្គិភ័យឆេះនៅកណ្តាលយប់ក្នុងក្រុងបាត់ដំបង និងរាលដាលដល់ផ្ទះពលរដ្ឋជុំវិញច្រើនខ្នងទាំងកណ្តាលយប់ មិនទាន់ដឹងមូលហេតុ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រហូតដល់រំលងអាធ្រាត្រចូលដល់ទាបភ្លឺឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អស់ស្ទើរទាំងស្រុង ហើយអគារតួរផ្សារមួយផ្នែកធំបានបាក់រលំ។

សមត្ថកិច្ចបានឲ្យដឹងថា អគារផ្សារដែលឆេះនេះបានបាក់រំលំ បង្កឲ្យពលរដ្ឋម្នាក់រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះ ហើយផ្ទះប្រជាពលរដ្ឋច្រើនខ្នងជាប់ផ្សារត្រូវអណ្តាតភ្លើងឆាបឆេះរាលដាលដល់ផងដែរ។ រថយន្តបង្ការពន្លត់អគ្គិភ័យស្នងការខេត្ត និងបណ្តាស្រុកជិតខាងជាច្រើនគ្រឿង ត្រូវបានបញ្ជូនមកអន្តាគមន៍ពន្លត់អគ្គិភ័យនេះ។

ខណៈពេលអគ្គិភ័យកំពុងឆាបឆេះនេះក៏ឃើញវត្តមាន លោក សុខ លូ អភិបាលខេត្តបាត់ដំបង ចុះមកពិនិត្យទីតាំងផ្ទាល់នៅកន្លែងកើតហេតុផ្ទាល់ ដើម្បីដឹកនាំកម្លាំងអន្តាគមន៍ រហូតដល់ម៉ោងទាបភ្លឺ និងមានវត្តមាន អភិបាលក្រុង មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំយោធា និងអាជ្ញាធរ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដើម្បីជួយដល់ការពន្លត់ភ្លើង ការពារសន្តិសុខ និងសម្រួលចរាចរណ៍នៅទីនោះ។

ការឆេះផ្សារទំនើប១នេះ ពុំទាន់ដឹងពីមូលហេតុ នៃការឆេះនេះ និងទំហំនៃការខូចខាតនៅឡើយទេ ដោយអាជ្ញាធរកំពុងស្រាវជ្រាវ និងបូកសរុបនៅឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News