ព័ត៌មានជាតិ October 28, 2025

BREAKING: សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់

Naren

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីចាប់ផ្ដើមការដោះលែងទាហានកម្ពុជា១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ថ្លែងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបានបញ្ជាក់ដូច្នេះថា «ការរំពឹងរបស់យើងគឺនីតិវិធីដែលគោរពទៅតាមការប្ដេជ្ញាចិត្ត ពីគ្រប់ភាគីទាំងអស់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ដូចដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»

គួរបញ្ជាក់ថា នៅមុនជំនួបតាមការគ្រោងទុករបស់លោក ត្រាំ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនាឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ក្នុងប្រទេសកូរ៉េខាងត្បូង មន្ត្រីអាមេរិកខាងលើដដែលក៏បាននិយាយដែរថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការប្រែប្រួលឡើយ សូម្បីបន្តិច ហើយគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង គឺការរំសាយអាវុធនុយក្លេអ៊ែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News