ព័ត៌មានជាតិ October 28, 2025

រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បី លើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព

Naren

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជា ដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះដែរ លោក ឡាស្លូ កូវឺរ បានវាយតម្តៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅក្នុងឱកាសនេះ។ សម្តេចរដ្ឋសភាធិបតី ជាប្រធានរដ្ឋសភាកម្ពុជាដំបូងគេ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅហុងគ្រី ខណៈកាលពីឆ្នាំ២០១៥ លោកប្រធានរដ្ឋសភាហុងគ្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។ នៅដើមឆ្នាំ២០២៥កន្លងមកនេះ លោកស្រី ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ផងដែរ។

ចំណែកខាងស្ថាប័ននីតិប្រតិបត្តិវិញ កាលពីឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចចំនួនពីរលើក នៅប្រទេសហុងគ្រី។ ក្នុងឆ្នាំ២០១៩ ដដែលនោះ លោក ចាណូស អាឌឺ (Janos Ader) អតីតប្រធានាធិបតីហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ថែមពីនេះ ប្រទេសហុងគ្រី កំពុងត្រៀមរៀបចំថ្វាយបដិសណ្ឋារកិច្ច ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាដើមឆ្នាំ២០២៦ខាង មុខនេះដែរ។

លោក ឡាស្លូ កូវឺរ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំរបស់ប្រទេសទំាងពីរ ទំាងស្ថាប័នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់នេះ បានបង្ហាញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ។ នៅក្នុងឆ្នាំ២០២៦ខាងមុខ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ហុងគ្រី កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត។ ហុងគ្រី នឹងជំរុញការបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ក្នុងពេលឆាប់ៗនេះ និងដំឡើងចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាពី១៥នាក់ ទៅ៣០នាក់ ក្នុងមួយឆ្នាំ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនលោក ប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូ រដ្ឋភាកម្ពុជា យ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចបានលើកឡើងថាកម្ពុជា និងហុងគ្រី ជាមិត្តដ៏ល្អស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ហុងគ្រីជាមិត្តដ៏ល្អរបស់កម្ពុជាឆ្លងទ្វីប។ ចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមតែផ្តល់តម្លៃសម្រាប់ពលរដ្ឋទំាងពីរប្រទេសប៉ុណ្ណោះទេ តែជាច្រកនៃទំនាក់ទំនងអាស៊ី និងអ៉រ៉ុប ថែមទៀតផង។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនបានកាត់ផ្តាច់ពីការគំាទ្ររបស់ហុងគ្រីបានឡើយ។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រី នៅក្នុងនោះមានការផ្តល់ប័ណ្ណ ក្នុងការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋដល់និស្សិតកម្ពុជាជាដើម។

ក្នុងនាមជាអតីតនិស្សិត ធ្លាប់បានសិក្សានៅប្រទេសហុងគ្រី កាលពីដើមទសវត្សរ៍ឆ្នាំ៨០ សម្តេចប្រធានរដ្ឋសភាវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ប្រទេសហុងគ្រី។ បច្ចុប្បន្នហុងគ្រីជាប្រទេសមួយដែលនាំមុខខាងវិស័យកសិកម្ម ធនធានទឹក បរិស្ថាន និងបច្ចេកវិទ្យា។ សម្តេចបានស្នើ លោកប្រធានរដ្ឋសភាហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទំាងនោះបន្ថែមទៀតនៅកម្ពុជា។ ជាពិសេសជំរុញទេសចេណ៍ វិនិយោគ ពាណិជ្ជកម្ម ក្នុងការនាំមកនូវផលប្រយោជន៍ ជូនពលរដ្ឋប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី បានពំានាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្ញើរសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់ លោកប្រធានរដ្ឋសភា ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភាក៏បានជម្រាបជូន លោកប្រធានរដ្ឋសភាហុងគ្រី ពីកិច្ចព្រមព្រៀងសន្តិភាពដែលនាយរដ្ឋមន្រ្តីកម្ពុជានិងថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្មានថ្ងៃមុននេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានជាសាក្សី របស់លោក Donald J.Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទំាងពីរមានជម្លោះព្រំដែនជាមួយគ្នាប្រមាណជា៥ខែមកនេះ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពនេះ ជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។ កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាមអស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ បានហែរឆ្លងការលំបាកជាច្រើន។ ការទទួលបានសន្តិភាពដូចសព្វថ្ងៃ ជាការលំបាកណាស់។ សន្តិភាពដែលកម្ពុជាទទួលបាន ដោយសារថ្នាក់ដឹកនាំមានសម្តេចតេជោ ហ៊ុន សែន ដែលបិតាសន្តិភាព បានយកអាយុជីវិតជាដើមទុន ក្នុងការទទួលបានសុខសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ប្រទេសហុងគ្រី ជួយគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរយូរអង្វែងតទៅ ដើម្បីធ្វើយ៉ាងណាឱ្យបន្ទាត់ព្រំដែនរបស់កម្ពុជា និងថៃ វិលទៅប្រក្រតីភាពឡើងវិញ។ ទំាងសម្តេចប្រធានរដ្ឋសភានិង លោកប្រធានរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះគុណតម្លៃសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗគ្រប់យ៉ាង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News