ព័ត៌មានជាតិ October 29, 2025

រដ្ឋមន្រ្តីប៉ាគីស្ថាន ថាកិច្ចចរចាសន្តិភាពជាមួយអាហ្វហ្កានីស្ថាន ទទួលបរាជ័យ

Liny Chan

(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃពុធនេះ រដ្ឋមន្រ្តីព័ត៌មានប៉ាគីស្ថាន បាននិយាយថា កិច្ចចរចាសំដៅធានាឱ្យបានការឈប់បាញ់គ្នារយៈពេលវែង រវាងប្រទេសប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន បានបញ្ចប់ទៅនៅទីក្រុងអ៉ីស្តង់ប៊ូល ដោយគ្មានដំណោះស្រាយសមស្របមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។

កិច្ចចរចាខាងលើ មានគោលដៅស្វែងរកសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចដ៏អាក្រក់បំផុតនៅបណ្តោយព្រំដែន គិតចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចនៅទីក្រុងកាប៊ុល កាលពី​ឆ្នាំ២០២១។

រដ្ឋមន្រ្តីព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា «ភាគីអាហ្វហ្កានីស្ថាន បានបន្តព្យាយាមគេចវេះពីបញ្ហាស្នូល ដែលជាមូលដ្ឋាននៃការផ្តួចផ្តើមកិច្ចសន្ទនា ហើយជំនួស​ឱ្យការប្រកាន់យកការទទួលខុសត្រូវ ក្រុមតាលីបង់អាហ្វហ្កានីស្ថាន បែរជាជ្រើសរើស​យកការលេងល្បែងទម្លាក់កំហុស បង្វែរបញ្ហា និងឧបាយកលផ្សេងៗ ទៅវិញ។ ហេតុដូច្នេះ កិច្ចសន្ទនាក៏បានទទួលបរាជ័យ មិនអាចនាំមកនូវដំណោះស្រាយសមស្របមួយ»

ប្រភពពីប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន បានបង្ហើបឱ្យដឹងថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដែលសម្រេចបាននៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី១៩ ខែតុលា ប៉ុន្តែមិនអាចស្វែងរកការឯកភាពគ្នា លើកិច្ចពិភាក្សាជុំទី២ ដែលសម្រុះសម្រួលដោយតួកគីយ៉េនិងកាតា និងដែលបានប្រព្រឹត្តទៅអស់ប៉ុន្មានថ្ងៃ នៅទីក្រុងអ៉ីស្តង់ប៊ូល ដោយភាគីទាំងពីរ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។

ការប៉ះទង្គិចគ្នាក្នុងខែតុលានេះ បានចាប់ផ្តើម បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន ក្នុងខែនេះ លើរដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថាន ក្នុងចំណោមកន្លែងដទៃទៀត ដោយកំណត់គោលដៅលើមេដឹកនាំក្រុមតាលីបង់ប៉ាគីស្ថាន។ ក្រុមតាលីបង់អាហ្វហ្កានីស្ថាន ក៏បានឆ្លើយតបវិញ ជាមួយការវាយប្រហារលើប៉ុស្តិ៍យោធាប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែនប្រវែង ​២៦០០គីឡូម៉ែត្ររវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន បាននិយាយថា រូបលោកជឿជាក់ថា អាហ្វហ្កានីស្ថាន ចង់បានសន្តិភាព ប៉ុន្តែប្រសិនបើកិច្ចចរចាសន្តិភាព នៅអ៉ីស្តង់ប៊ូលទទួលបរាជ័យ គឺមានន័យថា សង្រ្គាមទ្រង់ទ្រាយធំអាចនឹងត្រូវផ្ទុះឡើង។ រីឯកាលពីថ្ងៃអាទិត្យសប្តាហ៍ដដែល យោធាប៉ាគីស្ថាន បានអះអាងថា ទោះបីមានបទឈប់បាញ់ក៏ដោយ ការប៉ះទង្គិចគ្នានាចុងសប្តាហ៍នោះ បានសម្លាប់ទាហានប៉ាគីស្ថាន៥នាក់ និងសមាជិក២៥នាក់ នៃក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន នៅក្បែរព្រំប្រទល់អាហ្វហ្កានីស្ថាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News