ព័ត៌មានជាតិ November 3, 2025

ប្រជាជនចិនខេត្តជាំងស៊ូ និងខេត្តដទៃទៀតចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង «ពិធីបុណ្យកម្ពុជា»

Liny Chan

(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសម្ពោធព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ «ពិធីបុណ្យកម្ពុជា» ដែលរៀបចំនៅសាលពិព័រណ៌អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។

ពិធីនេះមានការចូលរួមពីលោក Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ និងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសប្រមាណ ៣០០នាក់។

ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការសម្តែងសិល្បៈ រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិនដែលអញ្ជើញចូលរួមទស្សនាពី សក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ថែមពីនេះ រដ្ឋមន្រ្តី ហួត ហាក់ បានសង្កត់ធ្ងន់ពី ការធានាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរអន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ និងស្នើឱ្យប្រជាជនចិន និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើនឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News