អាជ្ញាធរអគ្គិសនីកម្ពុជា រកឃើញករណីលួចកែច្នៃ នាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ជាង ១០០គ្រឿង ក្នុងខេត្ដកំពត
(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីលួចកែច្នៃ នាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ជាង១០០គ្រឿង នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា មានករណីជនខិលខូច ដើរបោកបញ្ឆោតអ្នកប្រើប្រាស់ នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឋិតក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាស អគ្គិសនី ទូកមាស ឱ្យជួលពួកគេកែច្នៃនាឡិកាស្ទង់ ដើម្បីឱ្យចំនួនអគ្គិសនី (kWh) ប្រើប្រាស់ប្រចាំខែថយចុះតិចជាងធម្មតា។
សូមបញ្ជាក់ជូនថា ក្នុងជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានរកឃើញមាននាឡិកាស្ទង់អគ្គិសនី នៅតំបន់ខាងលើ ចំនួនជាង១០០គ្រឿង ត្រូវបានគេកែច្នៃ។ ពេលនេះ សហគ្រាស អគ្គិសនី ទូកមាស កំពុងសហការជាមួយអ្នកប្រើប្រាស់ ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកបុគ្គលជាអ្នកកែច្នៃ នាឡិកាស្ទង់ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីឋិតក្នុងតំបន់ខាងលើ មេត្តាជួយ សហការជាមួយសហគ្រាស អគ្គិសនី ទូកមាស និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកិច្ចការនេះ។
ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា សូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទូទៅ មេត្តាកុំប៉ះពាល់ ឬ ចូលរួមកែច្នៃនាឡិកាស្ទង់ជាដាច់ខាត ព្រោះជាទង្វើខុសច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

