CDC: McDonald’s គ្រាន់តែកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន នាពេលអនាគត តែមិនទាន់សម្រេចចិត្តជាផ្លូវការ បើកហាងនៅកម្ពុជានោះទេ
(ភ្នំពេញ)៖ តាមរយៈសេចក្ដីបំភ្លឺរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន McDonald’s មិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ អំពីការបោះជំហានចូលមកបើកហាងនៅកម្ពុជា ឬការស្វែងរកដៃគូវិនិយោគនៅឡើយទេ។

គួររំលឹកផងថា ក្នុងជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ គឺក្នុងគោលបំណងចម្បងដើម្បីពិភាក្សាអំពីសក្ដានុពលទីផ្សារ និងលទ្ធភាពនៃការធ្វើអាជីវកម្ម។
ក្រុមហ៊ុនបានធ្វើការកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពង្រឹងទីផ្សារដែលខ្លួនមានស្រាប់ជាមុនសិន។
ការបំភ្លឺនេះ គឺដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការបកស្រាយ និងផ្សព្វផ្សាយព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ ប្រាសចាកពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រឡំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



