ព័ត៌មានជាតិ November 10, 2025

សត្វឪម៉ាល់ទិចសិស្សឲ្យរងរបួស១៨នាក់ នៅសាលាបឋមសិក្សា ម៉ឹង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង

Liny Chan

(ស្វាយរៀង)៖ យ៉ាងហោចណាស់សិស្សានុសិស្សចំនួន១៨នាក់ និងសត្វឆ្កែ បានរងរបួសដោយសារសត្វឪម៉ាល់ទិច ខណៈកំពុងរៀន ត្រូវបានលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ករណីសត្វឪម៉ាល់ទិចសិស្សនេះបានកើតឡើងកាលពីវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាបឋមសិក្សា ម៉ឺង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង។

អ្នកគ្រូអាំ ស៊ីណា នាយិកាសាលាបឋមសិក្សា ម៉ឹង សំផន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ថា នៅមុនពេលកើតហេតុការណ៍នេះឡើង មានសំបុកឪម៉ាល់ ឬសំបុកស្រាំងនៅលើដំបូលជាន់ទី២ នៃអាគារសាលា ខណៈនោះក៏មានសិស្សានុសិស្សមួយចំនួន បានយកដុំថ្មគប់ទៅលើសំបុកឪម៉ាល់នោះ បណ្ដាលឱ្យធ្លាក់មកដី ហើយផ្អើលដេញទិញសិស្សតែម្ដង។

អ្នកគ្រូនាយិកា បានបន្តថា ក្រោយពីមានករណីសត្វឪម៉ាល់ដេញទិចសិស្សបណ្ដាលឲ្យរងរបួសយ៉ាងដូច្នេះ លោកគ្រូ អ្នកគ្រូ ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនសិស្សដែលត្រូវឪម៉ាល់ទិចទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗ ដើម្បីធ្វើការសង្គ្រោះផងដែរ។

អ្នកគ្រូនាយិកា បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ សិស្សានុសិស្សដែលត្រូវឱម៉ាល់ទិចកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែលមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមាតាបិតាសិស្សមកមើលថែរផងដែរ។

អ្នកគ្រូ បានបញ្ជាក់ថា សិស្សានុសិស្សដែលរងរបួសទាំង១៨នាក់ អ្នកខ្លះត្រូវឪម៉ាល់ទិច១ទ្រនិចអ្នកខ្លះទៀត២ និង៣ទ្រនិច ហើយក្រុមការងារ និងអ្នកជំនាញកំពុងតែយកសំបុកឪម៉ាល់នេះចេញពីសាលារៀនហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News