ព័ត៌មានជាតិ November 10, 2025

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំនេះអាចសម្រេចបានក្នុងរង្វង់៥.២% ខណៈឆ្នាំ២០២៦ រំពឹងមានកំណើន ៥%

Liny Chan

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ អាចនឹងសម្រេចបានក្នុងរង្វង់៥.២% ខណៈឆ្នាំ២០២៦ ត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន៥%។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់ អំពីការកសាងក្របខណ្ឌ នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ, ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័ស នៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរ ទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈគោលនយោបាយ ពន្ធគយបដិការ, ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ -ល-។

ក្នុងបរិការណ៍នេះ, ទស្សនវិស័យសេដ្ឋកិច្ច, ទាំងក្នុងកម្រិតសកល, តំបន់, និងរួមទាំងកម្ពុជាផង, ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យ ច្រើនជាងកាលានុវត្តភាព, ដែលទាមទារ នូវការតាមដានឲ្យបានជាប្រចាំ និងកាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថាន-ភាពសង្គម-សេដ្ឋកិច្ច, ជាពិសេស ការគិតគូរអំពីកម្មវិបាក និង បច្ច័យ មកលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងស្រុក, សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និងរៀបចំវិធានការឆ្លើយតបឲ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងករណីចាំបាច់។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ផ្អែកតាមការវិវត្តជាបន្តបន្ទាប់ ក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២៥នេះ, ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញ លើស្ថានភាពសេដ្ឋកិច្ច ដោយរំពឹងថាជារួម សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់៥.២%, ពោលគឺដូចគ្នាទៅនឹងការវាយតម្លៃ ក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ២០២៥ កន្លងទៅ។

ក៏ប៉ុន្តែ, កំណើនតាមវិស័យ និង អនុវិស័យមួយចំនួន មានការប្រែប្រួល, ដោយវិស័យខ្លះ ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបាននូវកំណើនខ្ពស់ជាងការរំពឹងទុក, វិស័យខ្លះ នឹងអាច សម្រេចបាននូវកំណើន ដូចការរំពឹងទុក, និងវិស័យខ្លះទៀត នឹងអាចសម្រេចបាន នូវកំណើនទាបជាងការរំពឹងទុក, ដោយសារបច្ច័យនៃការអនុវត្តពន្ធគយបដិការ របស់សហរដ្ឋអាមេរិក និង ការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់បន្ថែមថា តួលេខកំណើនរួម និងតាមវិស័យ, ជាការគិតគូរ, មាននិន្នាការប្រហាក់ប្រហែល ទៅនឹងការវាយតម្លៃ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ជាក់ស្តែង, មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ អាចសម្រេច បានក្នុងអត្រា៤.៨%, ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បានវាយតម្លៃថា អាចនឹងសម្រេចបានក្នុងអត្រា ៤.៩%។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា សម្រាប់ឆ្នាំ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែមានការកែសម្រួលនូវអត្រាកំណើន ទៅតាមវិស័យ និងអនុវិស័យនីមួយៗ។

កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦, ដែលត្រូវបានព្យាករថា អាចនឹងសម្រេចបានក្នុងអត្រា៥%នេះ, មានកំណើនថមថយបន្តិច បើធៀបឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីកម្មវិបាក នៃការអនុវត្តពន្ធគយបដិការ មកលើវិស័យបម្រើការនាំចេញ គួបផ្សំ នឹងការរំពឹងទុក នូវបច្ច័យនៃការអូសបន្លាយនៃការបិទខ្ទប់ព្រំដែនគោក កម្ពុជា-ថៃ, ត្បិតស្ថានភាពសេដ្ឋកិច្ច នឹងពុំអាចវិលត្រលប់ទៅរកប្រក្រតីភាពវិញភ្លាមៗ ដូចបរិបទ មុនមានការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។

ទោះជាយ៉ាងណា កម្ពុជានៅតែរក្សាបាននូវចលនការកំណើនមួយដ៏ល្អនៅឡើយ, ដែលត្រូវបានគាំទ្រដោយវិស័យបម្រើ ការនាំចេញគួបផ្សំនឹងការបន្តនិន្នាការល្អ នៃការប្រើប្រាស់ក្នុងស្រុក និងចរន្តងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ, ផសស ថ្លៃបច្ចុប្បន្ន ឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៥៣ ៧៩៩ លានដុល្លារអាម៉េរិក, ខណៈដែល ផសស សម្រាប់ មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក។

ជាមួយគ្នានេះ, សូចនាករផ្នែកម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ក៏ត្រូវបានរំពឹងថា នឹងបន្តមានស្ថិរភាព, ក្នុងនោះ អត្រាអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២.៨% ក្នុងឆ្នាំ២០២៦ ក្រោមការរំពឹងទុក នៃការបន្តរក្សាបានស្ថិរភាពនៃថ្លៃទំនិញអន្តរជាតិ, ជាពិសេស ថ្លៃប្រេងឥន្ធនៈ, ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និងសកម្មភាពចាយវាយ នៅ បន្តមាននិន្នាការវិជ្ជមាន។

អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) ត្រូវបានរំពឹងថា នឹងអាចរក្សាបានក្នុងរង្វង់ ៤ ០៣៥ រៀល/ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦។ ចំណែកឯ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនដល់ ២៧ ៩៨៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ ដែលអាចធានាការនាំចូលបាន ៧,៩ខែ។ ទោះជាយ៉ាងនេះក្តី, ដោយសារស្ថានភាព មិនទាន់ច្បាស់លាស់មួយចំនួន ដូចខ្ញុំ បានជម្រាបជូនខាងលើ, ស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ អាចជួបប្រឈមនឹងភាព មិនប្រាកដប្រជាខ្ពស់, ដែលជាយថាហេតុ, ប្រការនេះធ្វើឲ្យកំណើនសេដ្ឋកិច្ច ជារួម អាចនឹងមិនសម្រេចបាន ដូចការរំពឹងទុក។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងទៀតថា រាជរដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវទស្សនវិជ្ជារួម នៃសកម្មភាពគោលនយោបាយរបស់ខ្លួន គឺ៖ «សង្ឃឹម សម្រាប់ស្ថានភាព ប្រសើរ, តែត្រៀមខ្លួន សម្រាប់ស្ថានភាពអាក្រក់» (Hope for the Best, But Prepare for the Worst)។ ឈរលើមូលដ្ឋាននៃអភិក្រមនេះ, កម្ពុជានឹងអាចតស៊ូ ដើម្បីរស់រានបាន ខណៈដែលសភាពការណ៍វិវត្តទៅអាក្រក់, ហើយនឹងអាចសម្រេចបាននូវលទ្ធផល កាន់តែប្រសើរ នៅពេលសភាពការណ៍វិវត្តទៅជាល្អ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News