វត្តស្វាយរមៀត ក្រុងសៀមរាប ត្រូវបានជ្រើសរើសជាចំណុចចាប់ផ្ដើម នៃការប្រកួតទេសចរណ៍ Tuktuk Tournament លើកទី២
(សៀមរាប)៖ វត្តស្វាយរមៀត ដែលជាវត្តអារាមទេសចរណ៍ដ៏ល្បីល្បាញមួយ នៅក្រុងសៀមរាប។ ដូច្នេះទើបវិស័យឯកជន tuktuk rental (តុកតុករេនថល) ជ្រើសរើសជាចំណុចចាប់ផ្ដើមនៃការចេញដំណើរ របស់កម្មវិធីទេសចរណ៍ប្រកួតប្រជែង «Tuktuk Tournament» លើកទី២ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។

កម្មវិធី Tuktuk Tournament បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរបរទេស ចំនួន ៧០នាក់ បានបើកបររថយន្ត Tuktuk ចេញពីទីធ្លាវត្តស្វាយរមៀត ឆ្ពោះទៅកាន់ខេត្តគោលដៅផ្សេងៗគ្នា នៅទូទាំងប្រទេស មានដូចជា៖ ខេត្តបាត់ដំបង ព្រះវិហារ និងមណ្ឌលគិរីជាដើម។ បន្ទាប់ពីបញ្ចប់បេសកកម្មនៅតាមតំបន់ ដែលបានកំណត់ ក្រុមអ្នកទេសចរទាំងនេះ នឹងត្រូវធ្វើដំណើរទៅជួបជុំគ្នានៅរាជធានីភ្នំពេញ និងបញ្ចប់កម្មវិធីនៅខេត្តកែប។
លោក John Kann ដែលជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា កម្មវិធី Tuktuk Tournament បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ។
លោកបានបន្តថា នៅពេលដែលអ្នកទេសចរបរទេសទាំងនេះ រួមជាមួយអ្នកផលិតមាតិកាបរទេស បានទៅដល់កន្លែងទេសចរណ៍ណាមួយ ពួកគាត់នឹងថតពីតំបន់នោះ រួមទាំងការភ្លក់រសជាតិម្ហូបខ្មែរ ធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងបណ្ដាញសារព័ត៌មានផ្សេងៗ ទៅកាន់បងប្អូនគាត់ និងពិភពលោកបានឃើញពីភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា។
លោក John Kann បានបន្តឱ្យដឹងថា មូលហេតុដែលលោកសម្រេចជ្រើសរើស វត្តស្វាយរមៀត ជាចំណុចចាប់ផ្ដើមចេញដំណើរ ជាលើកទី២ សម្រាប់កម្មវិធីនេះ គឺដោយសារភាពស្អាត និងរបៀបរៀបរយវត្តនេះ មានអនាម័យ បរិស្ថានល្អ ភាពបៃតង និងមានសណ្ដាប់ធ្នាប់ល្អផង។
ម្យ៉ាងទៀត វត្តអារាមទេសចរណ៍ ក៏បាននាំភ្ញៀវទេសចរ ឱ្យបានឈ្វេងយល់ពីវិស័យព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ជាក់ស្ដែង ក្នុងពិធីចេញដំណើរនេះ ក៏មានការនិមន្តព្រះសង្ឃប្រោះព្រំ និងចងអំបោះដៃ ដើម្បីសុំសេចក្ដីសុខចម្រើនដល់អ្នកចូលរួមផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
















