ព័ត៌មានជាតិ November 13, 2025

លោក ឃ្លាំង ហួត ចុះដោះស្រាយបញ្ហាការបង្កសំឡេងរំខានដោយចាក់ធុងបាស់ និងការលក់ដូរពេលរាត្រី នៅខណ្ឌជ្រោយចង្វារ

Liny Chan

(ភ្នំពេញ)៖ ក្នុងវេទិការសាធារណៈនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររុងរឿងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងវេទិការសាធារណៈ តែមានពលរដ្ឋតែ២រូបគត់ ដោយម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ដោះស្រាយការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ពីសំណាក់អ្នកជីវករ លក់ដូរភេសជ្ជៈពេលរាត្រី និងម្នាក់ទៀត ស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក។

ក្នុងវេទិការសាធារណៈខាងលើនេះក្រោមអធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ចំពោះសំណូមពរ និងសំណើររបស់ពលរដ្ឋទាំងពីរខាងលើ ត្រូវបានលោក ឃ្លាំង ហួត ឆ្លើយតបជូនភ្លាមៗ ពាក់ព័ន្ធនឹងអាជីវករលក់ដូរពេលរាត្រី តាមដងផ្លូវ បង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ដល់កណ្តាលអាធ្រាត្រ។ លោក ឃ្លាំង ហួត បានណែនាំឱ្យអាជ្ញាធរ ចុះទៅអប់រំ និងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរ ក៏ត្រូវប្រកបរបររកស៊ីដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ដោយឡែកអាជ្ញាធរ ចុះអប់រំ ក្នុងនាមជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយលើអាជីវកនោះដែរ។

លោកអភិបាលរង បានបញ្ជាក់ថា ចំណែកផ្លូវមួយខ្សែខាងលើនោះ ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយលោកសន្យាជំរុញដល់ក្រុមហ៊ុនឯកជន ឱ្យមានវិធានការឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជូនប្រជាជន។

បន្ថែមលើនេះ លោក ឃ្លាំង ហួត បានកត់សម្គាល់ថា ខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដែលមានការចង្អុលបង្ហាញផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យខណ្ឌជ្រោយចង្វារ ប្រែក្លាយពីដីទឹកលិច គ្មានផ្លូវ មកជាខណ្ឌមួយអភិវឌ្ឍរីកចម្រើន មានផ្លូវខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់។

ថ្លែងក្នុងឱកាសនោះ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់។

គួរបញ្ជាក់ដែរថា វេទិការសាធារណៈនេះ បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួន ឱ្យកាន់តែមានភាពល្អប្រសើរ។ ហើយអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News