ព័ត៌មានជាតិ November 15, 2025

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ, សមត្ថកិច្ចប្រើប្រាស់ទឹកអស់ ២៧ឡាន ទើបអាចគ្រប់គ្រងបាន

Liny Chan

(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋ​មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖៤៥នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវ២៧១ ក្រុមទី៣ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រេីប្រាស់ទឹកអស់១៩ឡាន និងរថយន្តជំនួយក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន២គ្រឿង​, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន និងរថយន្តទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ គុណ១២ម៉ែត្រ) និងឆេះផ្ទះឈើលើថ្មក្រោម ចំនួន១ខ្នង និងបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន១១ខ្នង រួមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩៖៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ​។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News