Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសផលិតអាវក្រោះម៉ាក ​DSS ផ្គត់ផ្គង់កងទ័ពកម្ពុជា និងនាំចេញទៅលក់នៅក្រៅប្រទេស ហើយសម្តេចជាថៅកែ 

    BY Liny Chan November 17, 2025
    សម្តេចតេជោ ហ៊ុន សែន ប្រកាសផលិតអាវក្រោះម៉ាក ​DSS ផ្គត់ផ្គង់កងទ័ពកម្ពុជា និងនាំចេញទៅលក់នៅក្រៅប្រទេស ហើយសម្តេចជាថៅកែ 

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រកាសពីផែនការផលិតអាវក្រោះសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពកម្ពុជា ហើយនឹងនាំចេញទៅក្រៅប្រទេសថែមទៀត ប្រសិនមានការបញ្ជាទិញ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាវក្រោះដែលកម្ពុជាផលិតនេះ ម៉ាក «DSS» ហើយសម្តេច គឺជាថៅកែរោងចក្រផលិតអាវក្រោះនេះតែម្តង។

    ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ។

    សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បន្តិចទៀតនឹងមានអាវក្រោះម៉ាក DSS សម្រាប់ផលិតបំពាក់ឱ្យកងទ័ព និងនាំចេញទៅផ្គត់ផ្គង់ឱ្យប្រទេសក្រៅទៀត បើសិនគេបញ្ជាទិញ ហើយម៉ាករបស់វា គឺ ឌី.អេស.អេស (DSS) ហើយខ្ញុំធ្វើថៅកែ»

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទទួលស្គាល់ពីការខ្វះចន្លោះរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អាវក្រោះ និងមួកសុវត្ថិភាពការពារសម្រាប់កងទ័ព នៅពេលមានការផ្ទុះអាវុធ នៅតាមព្រំដែនជាមួយភាគីថៃ ដោយសារគិតថាគ្មានសង្គ្រាមកើតឡើង ប៉ុន្តែនៅពេលនេះកងទ័ពកម្ពុជា សុទ្ធតែបានបំពាក់អាវក្រោះ និងសម្ភារគ្រប់គ្រាន់ហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: