Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ផ្ដល់ផ្លូវជនបទ២ខ្សែ នៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋ និងភ្ញៀវទេសចរ

    BY Liny Chan November 19, 2025
    រាជរដ្ឋាភិបាល ផ្ដល់ផ្លូវជនបទ២ខ្សែ នៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋ និងភ្ញៀវទេសចរ

    (កោះកុង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន២ខ្សែ ប្រវែង៣២,១០គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដ៏មានសារៈសំខាន់នៅក្នុងខេត្តកោះកុង។

    ពោលគឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ដែលនឹងផ្តល់តម្លៃបន្ថែម ព្រមទាំងអត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលមានជាអាទិ៍ ការសម្រួលដល់ការធ្វើដំណើរ ការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត ការបង្កើនការទាក់ទាញវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាពិសេស ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តំបន់ឆ្នេរ។

    ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពី លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង, តំណាងធនាគារពិភពលោក, លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុនទទួលការសាងសង់ផ្លូវ និងប្រជាពលរដ្ឋសរុបប្រមាណ ៨០០នាក់។

    ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានយកឱកាសនេះសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ នៅក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

    ជាពិសេសនៅថ្ងៃនេះ តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា និងក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ក្នុងការសាងសង់ផ្លូវតភ្ជាប់ ទៅកាន់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ, ការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តនានា ជាពិសេសនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

    ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកោះកុង ចំពោះការយកចិត្តទុកដាក់លើការលើកកម្ពស់វិស័យទេសចរណ៍ នៅខេត្តកោះកុង ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តកោះកុង ឆ្នាំ២០២១-២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: