រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ក្នុងខេត្ត ក្នុងកម្រិតប្រកាសអាសន្ន
(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ក្នុងខេត្ត ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន។

នេះបើតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន។
ក្នុងសេចក្តីជូនដំណឹង បានសរសេររៀបរាប់ថា រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់ មានកម្រិតកម្ពស់ទឹក ៥,៥ម៉ែត្រ និងមានការកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយណែនាំកូន ចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។
ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវយកចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ព្រមទាំងធ្វើការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



