កម្ពុជា-ចិន តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅសារមន្ទីរជាតិកម្ពុជា
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជេីញចូលរួមកម្មវិធីតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅសារមន្ទីរជាតិកម្ពុជា។

បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ ធ្វើឡើងតាមរយៈកិច្ចសហការរៀបចំរវាងនាយកដ្ឋានសារមន្ទីរជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារស្រាវជ្រាវព្រះខ័នកំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និងផ្នត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និងឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ពិព័រណ៍នេះ ក៏នឹងបង្ហាញពីទំនាក់ទាក់ទងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥតដាច់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




