ព័ត៌មានជាតិ November 20, 2025

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ក្រសួងយុត្តិធម៌រកឃើញការដោះស្រាយ សំណុំរឿងមិនប្រក្រតីនៅតុលាការតែ ៦៣សំណុំរឿងស្មើនឹងជាង ២%ប៉ុណ្ណោះ, បើពលរដ្ឋយល់ថាមិនយុត្តិធម៌ សូមបន្តដាក់ពាក្យបណ្តឹង តុលាការនឹងពិនិត្យដោះស្រាយឡើងវិញ

Liny Chan

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ក្រសួងយុត្តិធម៌រកឃើញការដោះស្រាយសំណុំរឿងមិនប្រក្រតីនៅតុលាការតែ ៦៣សំណុំរឿងស្មើនឹងជាង ២%ប៉ុណ្ណោះ ហើយប្រសិនបើពលរដ្ឋយល់ថាមិនយុត្តិធម៌ សូមបន្តដាក់ពាក្យបណ្តឹង នោះតុលាការនឹងពិនិត្យដោះស្រាយឡើងវិញ។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងកិច្ចសន្ទនារវាងលោក និងលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនៈទាន ស្តីពីការកែទម្រង់វិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឈរលើមូលដ្ឋានគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧, លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ប្រសិនជាបងប្អូនប្រជាពលរដ្ឋជួបរឿងក្ដីអយុត្តិធម៌ សូមធ្វើការដាក់ពាក្យបណ្ដឹងទៅតុលាការ ឬអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធ្វើការដោះស្រាយប្រកបដោយតម្លាភាព។

ទោះបីប្រជាពលរដ្ឋមួយចំនួន ដាក់បន្ទុកលើប្រព័ន្ធតុលាការ ក៏ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល គឺព្យាយាមធ្វើយ៉ាងណាដោះស្រាយកង្វល់របស់ប្រជាជន ដ្បិតប្រជាជន គឺជាអាទិភាពទី១។ នេះបើយោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី កើត រិទ្ធ។

លោក បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះមិនធ្លាប់មានរឿងក្ដីនៅតុលាការនោះទេ ប៉ុន្តែស្រែកថាអយុត្តិធម៌ដែរ ដូច្នេះដើម្បីសុក្រឹត្យភាពការងារ ក្រសួងបានសម្រេចដាក់ចេញ នូវវិធានការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ រកឱ្យឃើញពីភាពមិនប្រក្រតី ដើម្បីធ្វើការដោះស្រាយសារជាថ្មី ប្រកបដោយតម្លាភាព យុត្តិធម៌ពិតប្រាកដ។

ជាមួយគ្នានេះ លោកឧបានយករដ្ឋមន្ត្រីបានថ្លែងបន្តថា យុត្តិធម៌​ និងអយុត្តិធម៌ មិនចំណុះដល់ការនិយាយរបស់បុគ្គលណាមួយ ភាគីណាមួយនោះទេ ប៉ុន្តែវាចំណុះទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលមាននៅក្នុងសំណុំរឿង។ អ្វីដែលយើងត្រូវធ្វើ គឺឈរលើឧត្តមគតិយុត្តិធម៌ នៅក្នុងចំណាត់ការដែលយើងធ្វើ ដោយផ្អែកលើច្បាប់ជាធរមាន។

លោករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា៖ «១ឆ្នាំមកនេះ អ្នកដែលដាក់ពាក្យមកថាតុលាការកាត់ក្ដីមិនប្រក្រតី មានជាង២៣០០ករណី ក្នុងនោះ (ជិត) ៥០% សុទ្ធតែជាករណីដែលថាតុលាការដោះស្រាយយឺតយ៉ាវ។ ដោយឡែក (ជិត) ២០% សម្ដែងពីការមានកង្វល់ថាតុលាការអាចនឹងដោះស្រាយមិនយុត្តិធម៌។ តែក្នុងចំណោមករណីជាង២ពាន់នោះ មានទែ៦៣ករណីប៉ុណ្ណោះ ដែលជាមានតម្រុយថាមិនប្រក្រតីពិតប្រាកដ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សូមស្ដាប់ប្រសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖

https://www.facebook.com/plugins/video.php?height=414&href=https%3A%2F%2Fwww.facebook.com%2Freel%2F1321570453076451%2F&show_text=false&width=730&t=0