ព័ត៌មានជាតិ November 21, 2025

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ រតនវត្ថុសិល្បៈខ្មែរ ដែលត្រូវមាតុភូមិនិវត្តវិញ បន្ទាប់ពីការចរចាជាមួយជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី

Liny Chan

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ ដែលត្រូវមាតុភូមិនិវត្តវិញ ក្រោយការចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដេីម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សូមអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តវិញ! អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដេីម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ»

រតនវត្ថុសិល្បៈខ្មែរ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News