ព័ត៌មានជាតិ November 21, 2025

អ្នកនាំពាក្យអាកាសចរណ៍ស៉ីវិល បំភ្លឺជុំវិញកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ដែលបម្លែងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឱ្យក្លាយជាទីក្រុងអេប៉ុង

Liny Chan

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកបំភ្លឺ ជុំវិញកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ក្នុងការបម្លែងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឱ្យក្លាយជាទីក្រុងអេប៉ុង។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានឈ្មោះថា “អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)” ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ រីឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) សព្វថ្ងៃជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រង និងថែរទាំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។ ចំពោះការប្រើប្រាស់ទីតាំងអាកាសយានដ្ឋាននេះ នៅពេលអនាគត រាជរដ្ឋាភិបាលនឹងពិនិត្យសិក្សាយ៉ាងប្រុងប្រយ័ត្ន ដោយផ្អែកលើទស្សនទានអភិវឌ្ឍជាតិ យុទ្ធសាស្ត្ររយៈពេលវែង និងផលប្រយោជន៍សាធារណៈជាចម្បង បច្ចុប្បន្ននេះរាជរដ្ឋាភិបាលមិនទាន់បានអនុម័ត ឬសម្រេចជាផ្លូវការណាមួយ ស្តីពីការអភិវឌ្ឍន៍ ឬបម្លែងទីតាំងនេះនៅឡើយទេ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមធ្វើការបញ្ជាក់បំភ្លឺអំពីការផ្សព្វផ្សាយ និងការវិភាគវែកញែក តាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធទៅនឹងកម្មវិធីវិចិត្រសាលស្ថាបត្យកម្ម “ការបម្លែងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ឱ្យក្លាយជាទីក្រុងអេប៉ុង”។ ការបម្លែងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្លាយជាទីក្រុងអេប៉ុង គឺគ្រាន់ តែជាគំនិតផ្តួចផ្តើមសិក្សាឯករាជ្យមួយ ដែលបានរចនាឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តគំនិតឆ្នៃប្រឌិត និងការពិចារណាទស្សនវិជ្ជាអភិវឌ្ឍទីក្រុង ពីសំណាក់និស្សិតស្ថាបត្យកម្ម និងអ្នកជំនាញវ័យក្មេង ក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម ស្ថាបត្យកម្មទេសភាព និងជំនាញហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តែប៉ុណ្ណោះ (ព័ត៌មានបន្ថែមពីកម្មវិធីប្រកួត សូមចូលទៅកាន់គេហទំព័រ សមាគមស្ថាបត្យករខ្មែរ)។

អ្នកនាំពាក្យរូបនេះបន្ថែមថា គំនិតផ្តួចផ្តើមសិក្សានេះមិនមែនជាការឆ្លុះបញ្ចាំង ឬតំណាងឱ្យគម្រោងផ្លូវការ ស្របតាមទស្សនទាន គោលការណ៍-គោលនយោបាយ ឬផែនការអភិវឌ្ឍន៍ឡើងវិញ ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលនោះទេ។ អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នៅតែជាទ្រព្យសម្បត្តិរដ្ឋ ដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល)។ ការសម្រេចចិត្តនាពេលអនាគតណាមួយ ទាក់ទងនឹងការប្រើប្រាស់ទីតាំងនេះរយៈពេលវែង និងជម្រើសអភិវឌ្ឍន៍នាពេលអនាគត គឺស្ថិតនៅក្នុងដែនសមត្ថកិច្ច និងយុត្តាធិការ របស់ក្រុមការងារអន្តរក្រសួង (ក.អ.ស) រាជរដ្ឋាភិបាល ដែលជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការពិនិត្យ សិក្សា និងផ្តល់អនុសាសន៍លើការគ្រប់គ្រង ប្រើប្រាស់ កែរលម្អ និងអភិវឌ្ឍន៍ អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ក្នុងស្មារតីប្រយោជន៍ជាតិ និងសាធារណៈ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមកោតសរសើរ និងស្វាគមន៍សមាគមស្ថាបត្យករកម្ពុជា ចំពោះគំនិតផ្តួចផ្តើម ដែលជាគុណតម្លៃសម្រាប់ការអភិវឌ្ឍវិស័យស្ថាបត្យកម្មជាតិ ក្នុងស្មារតីសិក្សា សិល្បៈ និងទស្សនទានអភិវឌ្ឍន៍ តែមិនមែនជាគោលនយោបាយផ្លូវការរបស់រាជរដ្ឋាភិបាលឡើយ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមធ្វើការបញ្ជាក់បំភ្លឺថា រាល់ការផ្សព្វផ្សាយ និងការវិភាគវែកញែកជាសាធារណៈលើគំនិតផ្តួចផ្តើមសិក្សានេះ មិនគួរត្រូវបានបកស្រាយ ថាជាការណែនាំ ការចង្អុលបង្ហាញ ឬគោលនយោបាយជាផ្លូវការ របស់រាជរដ្ឋាភិបាលឡើយ យើងនឹងបន្តធ្វើបច្ចុប្បន្នកម្មព័ត៌មាននេះតាមដែលអាចធ្វើបាន ប្រកបដោយតម្លាភាពជូនសាធារណជន នៅពេលដែលមានសេចក្តីសម្រេច ឬការអនុម័ត ឬការសម្រេចចិត្តណាមួយជាផ្លូវការពាក់ព័ន្ធទៅនឹងទិសដៅ និងគោលការណ៍នៃការប្រើប្រាស់ទីតាំងនេះរយៈពេលវែង នាពេលអនាគត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News