រំលឹកដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ស្អែកនេះក្រសួងការងារ នឹងបើកពិព័រណ៍ផ្តល់ឱកាសការងារនៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន២ របស់ខេត្តបន្ទាយមានជ័យ គឺស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់ នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។
ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត។
សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ចំនួន ៣ខេត្តគឺ ក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តបន្ទាយមានជ័យពី ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងក្នុងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







