អ្នកបាត់បង់ជីវិតកើនដល់ ៥៥នាក់ ក្នុងករណីឆេះអគារនៅទីក្រុងហុងកុង
(ហុងកុង)៖ អាជ្ញាធរពន្លត់អគ្គិភ័យនៅទីក្រុងហុងកុងនៃប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារគ្រោះអគ្គិភ័យដ៏ធំសម្បើម នៅតំបន់អគារអាផាតធឺមិនមួយកន្លែង បានកើនដល់៥៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាជ្ញាធរពន្លត់អគ្គិភ័យក្រុងហុងកុង បាននិយាយថា មនុស្ស៥១នាក់បានស្លាប់ នៅកន្លែងកើតហេតុផ្ទាល់ ខណៈ៤នាក់បានស្លាប់ នៅឯមន្ទីរពេទ្យ ហើយក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មានម្នាក់ជាភ្នាក់ងារពន្លត់អគ្គិភ័យ។ ក្រៅពីអ្នកស្លាប់ មនុស្សរាប់សិបកំពុងស្ថិតក្នុងមន្ទីរពេទ្យជាមួយស្ថានភាពធ្ងន់ធ្ងរ ហើយគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មនុស្សចំនួន ២៧៩នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ដោយមិនអាចទាក់ទងបាន។
តំបន់អគារអាផាតធឺមិនខាងលើ ហៅថា Wang Fuk Court ស្ថិតក្នុងខណ្ឌ Tai Po នៅភាគខាងជើងទីក្រុងហុងកុង។ នៅទីនោះ មានអគារស្នាក់នៅកម្ពស់ខ្ពស់សរុប៨ខ្នង គិតជាបន្ទប់២០០០បន្ទប់ និងជាជម្រករបស់មនុស្សជាង ៤៦០០នាក់។ អាជ្ញាធរពន្លត់អគ្គិភ័យហុងកុង បានឱ្យដឹងថា មកទល់ឥឡូវ ភ្លើងឆាបឆេះនៅអគារ៤ខ្នង ត្រូវបានពន្លត់ទាំងស្រុង ខណៈភ្លើងឆេះនៅអគារ៣ទៀត ត្រូវគ្រប់គ្រងបាន ហើយអគារមួយខ្នង មិនបានរងការប៉ះពាល់។ អគ្គិភ័យបានចាប់ផ្តើមកើតឡើង កាលពីរសៀលថ្ងៃពុធ។
គួរបញ្ជាក់ថា នាពេលនេះ ករណីខាងលើ គឺជាករណីគ្រោះអគ្គិភ័យដែលផ្តាច់ជីវិតមនុស្សច្រើនបំផុត នៅហុងកុង គិតចាប់តាំងពីឆ្នាំ១៩៤៨ នៅពេលដែលមនុស្ស១៧៦នាក់ បានស្លាប់ក្នុងហេតុការណ៍ឆេះឃ្លាំងស្តុកទំនិញធំមួយកន្លែង។ ពាក់ព័ន្ធនឹងអគ្គិភ័យខាងលើ ប៉ូលិសហុងកុង បានចាប់ខ្លួនមនុស្ស ៣នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនសំណង់ សាងសង់អគារខាងលើ ក្នុងនោះរួមមាននាយក ២នាក់ និងអ្នកប្រឹក្សាវិស្វកម្មម្នាក់ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យអគ្គិភ័យឆាបឆេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



