Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ប្រកាសថា គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេស ផ្តាច់ជីវិតមនុស្សកើនដល់ ១៤៥នាក់

BY Liny Chan November 28, 2025
រដ្ឋាភិបាលថៃ ប្រកាសថា គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេស ផ្តាច់ជីវិតមនុស្សកើនដល់ ១៤៥នាក់

(បាងកក)៖ នារសៀលថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានប្រកាសថា ចំនួនមនុស្សបាត់បង់ជីវិត នៅទូទាំងតំបន់ភាគខាងត្បូងប្រទេស ដោយសារគ្រោះទឹកជំនន់ បានកើនដល់យ៉ាងហោច១៤៥នាក់ ដោយក្នុងនោះជាង១០០នាក់ បានស្លាប់នៅខេត្ត Songkhla ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «តួលេខមនុស្សស្លាប់​សរុបទាំងអស់ គិតត្រឹមពេលនេះ នៅទូទាំងបណ្តាខេត្តភាគខាងត្បូង គឺ១៤៥នាក់»។ រយៈពេលប្រមាណជា ១សប្តាហ៍មកនេះ មហន្តរាយទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន បានវាយប្រហារលើខេត្តប្រហែល ១០នៅភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់មនុស្សសរុបជិត​ ៣លាននាក់។ កន្លែងដែលត្រូវគេមើលឃើញ ទទួលរងការជន់លិចខ្លាំងក្លាធ្ងន់ធ្ងរបំផុតនោះ គឺទីក្រុង Hat Yai នៃខេត្ត Songkhla។ ឥឡូវទឹកហាក់បានចាប់ផ្តើមស្រកចុះទៅវិញហើយ។

គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួនបានព្យួរតំណែងអភិបាលស្រុក Hat Yai ជុំវិញការចោទប្រកាន់ថា បរាជ័យក្នុងការឆ្លើយតបចំពោះវិបត្តិទឹកជំនន់។ ដោយឡែក ក្រៅពីប្រទេសថៃ ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ដូចជាម៉ាឡេស៉ី និង​ឥណ្ឌូណេស៉ី ក៏កំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់ខ្លាំងផងដែរ ដោយនៅឥណ្ឌូណេស៉ី មានអ្នកស្លាប់កើនដល់ ៨៤នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: