Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនរបស់ជប៉ុន Daikin Industries នៅប្រទេសថៃ ប្រកាសផ្អាកប្រតិបត្តិការ ក្រោយការចរចាបរាជ័យជាមួយសហជីព

BY Liny Chan December 5, 2025
ក្រុមហ៊ុនរបស់ជប៉ុន Daikin Industries នៅប្រទេសថៃ ប្រកាសផ្អាកប្រតិបត្តិការ ក្រោយការចរចាបរាជ័យជាមួយសហជីព

(បាងកក)៖ ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់របស់ជប៉ុន Daikin Industries ប្រចាំប្រទេសថៃ បានប្រកាសផ្អាកប្រតិបត្តិការ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀង ក្នុងការចរចា​​វិវាទការងារជាមួយសហជីព ពាក់ព័ន្ធប្រាក់​លើកទឹកចិត្តប្រចាំឆ្នាំ និងការ​ផ្តល់​អត្ថប្រយោជន៍នានាដល់បុគ្គលិក ដែលបម្រើការងារយូរឆ្នាំ។ នេះបើ​តាម​ការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

បញ្ហាវិវាទបានផ្តើមចេញពីសំណើរបស់ក្រុមហ៊ុន ក្នុងការផ្តល់ប្រាក់​សុទ្ធ​ចំនួន៤០ ០០០បាត ជំនួសឱ្យមាសទម្ងន់ ៣បាត (៤៦ក្រាម) សម្រាប់​បុគ្គលិកនានា ដែលធ្វើការឱ្យក្រុមហ៊ុន បានរយៈពេលលើស១០ឆ្នាំ។ ខាង​សហជីព បានបដិសេធចំពោះសំណើរបស់ក្រុមហ៊ុន ដោយចាត់ទុកវាជា ការ​កាត់បន្ថយអត្ថប្រយោជន៍របស់បុគ្គលិក ហើយជាការបំពានកិច្ច​សន្យា​កាងារ។

អំឡុងកិច្ចចរចាជុំទី១០ ក្រុមហ៊ុន Daikin បានស្នើផ្តល់ប្រាក់លើក​ទឹកចិត្ត​ប្រចាំឆ្នាំ ស្មើនឹងប្រាក់ខែចំនួន៦ខែរបស់បុគ្គលិក បូកជាមួយប្រាក់១២ ០០០បាត និង៤០ ០០០បាត ជំនួសឱ្យមាសទម្ងន់៣បាត សម្រាប់​បុគ្គលិក​ ដែលធ្វើការជាមួយក្រុមហ៊ុនអស់រយៈពេលលើស១០ឆ្នាំ។ តម្លៃមាសទម្ងន់​៣បាត ឬ៤៥ក្រាម គឺគិតតាមហាងឆេងបច្ចុប្បន្ន គឺស្មើនឹងជាង ៦០០០​ដុល្លារអាមេរិក ខណៈលុយ ៤០ ០០០បាត គឺស្មើជាង១២៥០ដុល្លារ​ប៉ុណ្ណោះ​។

គួរបញ្ជាក់ថា ក្នុងឆ្នាំសារពើពន្ធកន្លងទៅ ក្រុមហ៊ុន Daikin Industries រកប្រាក់ចំណេញបានរហូតដល់ ៥.៩ពាន់លានបាត។ ក្រុមហ៊ុនបាន​សង្កត់​ធ្ងន់ថា ការផ្អាកប្រតិបត្តិការនេះ គឺជាសកម្មភាពដែលត្រូវបានអនុញ្ញាត ក្រោម​ច្បាប់ការងាររបស់ប្រទេសថៃ ក្នុងករណីដែលមិនអាចឈានដល់​កិច្ច​ព្រម​ព្រៀង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: