Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា គ្រោងដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

BY Liny Chan December 12, 2025
វ៉េណេស៊ុយអេឡា គ្រោងដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

(ការ៉ាកាស)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋសភានៃប្រទេសវ៉េណេស៊ុយអេឡា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីលុបចោលច្បាប់ដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដោយបើកផ្លូវឆ្ពោះទៅរកការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ ២០២៥។

ប្រធានរដ្ឋសភា លោក Jorge Rodriguez និយាយថាច្បាប់នេះនឹងមានប្រសិទ្ធិភាពភ្លាមៗ។ ប្រធានាធិបតី លោក Nicolas Maduro ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើការលុបចោល ដូច្នេះវ៉េណេស៊ុយអេឡា អាចជូនដំណឹងផ្លូវការដល់ ICC អំពីបំណងដកខ្លួនចេញនេះ។ អំឡុងសម័យប្រជុំសភា លោក Rodriguez បានចោទប្រកាន់ ICC ថាកំពុងធ្វើសកម្មភាពបម្រើផលប្រយោជន៍ ឱ្យចក្រពត្តិនិយមអាមេរិកខាងជើង ហើយថាច្បាប់នេះនឹងបង្ហាញដល់ពិភពលោក អំពីភាពគ្មានប្រយោជន៍នៃ ICC។

គួរបញ្ជាក់ថា ICC កំពុងស៉ើបអង្កេតអំពីការរំលោភសិទ្ធិមនុស្ស ក្នុងប្រទេសវ៉េណេស៊ុយអេឡា។ នៅឆ្នាំ ២០២០ រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយថា មានមូលដ្ឋានសមហេតុផលដើម្បីជឿថាមន្ត្រីរដ្ឋាភិបាល និងយោធាវ៉េណេស៊ុយអេឡា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ ២០១៧។

វ៉េណេស៊ុយអេឡា បានក្លាយជាសមាជិករបស់ ICC ក្នុងឆ្នាំ ២០០០ ដែលនៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ឆ្នាំ ១៩៩៨ ប្រទេសនេះ មានកាតព្វកិច្ចសហការលើការស៉ើបអង្កេត ក្នុងបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: