លោក ត្រាំ ប្តេជ្ញាសង.សឹក ក្រោយកងទ័ពអាមេរិកបាត់បង់ជីវិត ក្នុងការវាយប្រហាររបស់ក្រុម ISIS នៅប្រទេសស៉ីរី
(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការសងសឹកវិញ បន្ទាប់ពីទាហានអាមេរិក២នាក់ និងជនស៉ីវិលជាអ្នកបកប្រែម្នាក់ បានបាត់បង់ជីវិត នៅតំបន់ភាគកណ្តាលប្រទេសស៉ីរី ដោយសារស្នាដៃក្រុមភេរវករ ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានដូច្នេះថា «យើងនឹងសងសឹកវិញ» ហើយក្រោយមក លោកបានបង្ហោះសារលើបណ្តាញ Truth Social ថា ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa មានការខឹងសម្បារជាខ្លាំង ចំពោះករណីវាយប្រហារនេះ ដែលកើតឡើងក្នុងប្រទេសរបស់លោក។
ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា ហៅកាត់ថា CENTCOM បានប្រកាសថា កងទ័ព២នាក់ និងអ្នកបកប្រែម្នាក់ បានស្លាប់ ក្រោយសមាជិក ISIS ដែលធ្វើសកម្មភាពតែម្នាក់ឯង បានបើកការបាញ់ប្រហារលើក្បួនល្បាតរួមរវាងអាមេរិកនិងស៉ីរី។ ប្រព័ន្ធផ្សព្វផ្សាយរបស់ស៉ីរី បានរាយការណ៍ថា ករណីវាយប្រហារនោះកើតឡើងនៅទីក្រុង Palmyra។ បើតាម CENTCOM ខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់ភ្លាមៗ ខណៈទាហានអាមេរិក៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា ករណីខាងលើនេះគឺជាលើកដំបូងបំផុត ដែលត្រូវបានរាយការណ៍ គិតចាប់តាំងពីក្រុមឧទ្ទាម បានផ្តួលរំលំអតីតប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយចាប់ផ្តើមកសាងទំនាក់ទំនងរបស់ប្រទេសស៉ីរី ជាមួយសហរដ្ឋអាមេរិកឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


