ព័ត៌មានអន្តរជាតិ December 28, 2025

មីយ៉ាន់ម៉ា ចាប់ផ្តើមការបោះឆ្នោតសកលជាលើកដំបូង គិតចាប់តាំងពីរដ្ឋប្រហារយោធា

Nisaiy KP

(ណៃពិដោ)៖ នាថ្ងៃអាទិត្យនេះ ការបោះឆ្នោតសកលនៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រព្រឹត្តទៅហើយ ដែលជាលើកដំបូងបំផុត ក្នុងរយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥។

ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បាននិយាយថា ការបោះឆ្នោតនេះ គឺសេរីនិងយុត្តិធម៌ បើទោះបីជាស្ថិតក្រោម​ការរៀបចំដោយយោធា ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក៏ដោយ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយរូបលោកបានទៅបោះឆ្នោត នៅរដ្ឋធានីណៃពិដោ លោក Min Aung Hlaing បាននិយាយយ៉ាងដូច្នេះថា «យើងសូមធានាថា វានឹងជាការបោះឆ្នោតមួយ ដែលសេរីនិងយុត្តិធម៌ ទោះកំពុងត្រូវបានរៀបចំដោយយោធាក៏ដោយ»

ការបោះឆ្នោតនាថ្ងៃអាទិត្យនេះ គឺជាការចាប់ផ្តើមការបោះឆ្នោតដំណាក់កាលទី១ ខណៈដំណាក់កាលទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ហើយដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃទី២៥ ខែមករា។ ដោយឡែក កាលបរិច្ឆេទសម្រាប់ការរាប់សន្លឹកឆ្នោត និងការចេញលទ្ធផលបោះឆ្នោត នៅមិនទាន់​ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានរិះគន់ថា ការបោះឆ្នោតសកលនេះ គ្រាន់តែបម្រើជាមធ្យោបាយដើម្បីឱ្យ​យោធាមីយ៉ាន់ម៉ា អាចនៅរក្សាអំណាចរបស់ខ្លួន ដោយស្របច្បាប់ប៉ុណ្ណោះ។ វាប្រព្រឹត្តទៅ ស្របពេលដែលសង្រ្គាមស៉ីវិលកំពុងបន្តឆាបឆេះក្នុង​ប្រទេស ហើយទឹកដីមួយភាគធំ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលបានប្តេជ្ញាថា នឹងរារាំងដំណើរការបោះឆ្នោតនៅក្នុងតំបន់ពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews