រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សេប៊ូ, ហ្វីលីពីន, ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។ សហប្រធាននៃកិច្ចប្រជុំនេះ គឺលោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋការ និង ទេសចរណ៍នៃប្រទេសជប៉ុន។
នាឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមហួត ហាក់ បានកត់សម្គាល់អំពីលទ្ធផលដែលសម្រេចបានកាលពីអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ កាលពីឆ្នាំ២០២៥ តាមរយៈវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារអាស៊ានបូកបី និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអាស៊ាន–ចិន, អាស៊ាន–ជប៉ុន, និង អាស៊ាន–កូរ៉េ សម្រាប់ការចូលរួមចំណែកនៅក្នុងលទ្ធផលការងារប្រកបដោយផ្លែផ្កានេះ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងក្នុងការជំរុញលំហូរនៃកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរប្រារព្ធឆ្នាំទេសចរណ៍ កម្ពុជា–ចិន ២០២៥។ ជាមួយគ្នានេះផងដែរ កម្ពុជាបានអនុវត្តគម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែ (ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន, កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាន តាមរយៈការចូលរួមវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi កាលពីខែកញ្ញា ឆ្នាំ២០២៥។ សូមបញ្ជាក់ជូនថា ជំហានសំខាន់មួយត្រូវបានសម្រេច ដោយមានការបើកដំណើរការជើងហោះហើរត្រង់លើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន–កូរ៉េ ក្រោមការអនុវត្តផែនការសកម្មភាព អាស៊ាន–កូរ៉េ, និយាយជារួម, និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ តាមរយៈការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល ឆ្នាំ២០២៥ និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។ កម្ពុជាសូមស្វាគមន៍កិច្ចសហប្រតិបត្តិការលើការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ។
ជារួម, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំប្រទេសដៃគូទាំងបី ក្នុងការបន្តកសាងសមត្ថភាពសម្រាប់អ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍, ការផ្សព្វផ្សាយរួមគ្នា, ដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាននិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម, ព្រមទាំងការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា។
ជាមួយគ្នានេះដែរ អង្គប្រជុំបានអនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ាន ជាមួយប្រទេសចិន, ជប៉ុន និង សាធារណរដ្ឋកូរ៉េ។










