មនុស្ស ២នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងបាត់ខ្លួន ក្នុងគ្រោះថ្នាក់កប៉ាល់បុកគ្នាជាមួយទូកនេសាទនៅជប៉ុន
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់លើផ្ទៃទឹកដ៏កម្រមួយ ពោលគឺជាការបុកគ្នារវាងកប៉ាល់ដឹកទំនិញជាមួយនឹងទូកនេសាទ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែកុម្ភៈបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្បែរកំពង់ផែ Toba ស្ថិតនៅក្នុងខេត្ត Mie ភាគកណ្តាលប្រទេសជប៉ុន។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សម្នាក់កំពុងបាត់ខ្លួនផងដែរ ខណៈមនុស្សចំនួន ១០ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ កំពុងបាត់ខ្លួន និងរងរបួស សរុបចំនួន ១៣នាក់ គឺជាក្រុមអ្នកនេសាទដែលជិះនៅលើទូករួមគ្នា ខណៈក្រុមអ្នកបើកបរនៅក្នុងកប៉ាល់ដឹកទំនិញវិញមានចំនួន ៦នាក់ តែពួកគេមិនបានរបួសធ្ងន់ធ្ងរនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia