អាមេរិកអនុញ្ញាតឱ្យប្រទេសមួយចំនួនទៅទិញប្រេងពីរុស្ស៊ី ដែលកំពុងជាប់ទណ្ឌកម្មពិភពលោក ក្នុងរយៈពេល ៣០ថ្ងៃ
អាមេរិក៖ សហរដ្ឋអាមេរិកសម្រេចលើកលែងឱ្យប្រទេសមួយចំនួនអាចទៅទិញប្រេងឆៅនិងប្រេងកាតពីប្រទេសរុស្ស៊ីបានក្នុងរយៈពេល ៣០ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៣ ខែមីនា។ គួរកត់សម្គាល់ថា រុស្ស៊ីគឺជាប្រទេសដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពិភពលោក ពោលគឺត្រូវហាមឃាត់ក្នុងការធ្វើសកម្មភាពអាជីវកម្មជាមួយប្រទេសជាច្រើននៅលើពិភពលោក។
យ៉ាងណាក្តី បើតាមលោក Scott Bessen រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកបានបញ្ជាក់ថា ដោយសារនៅពេលនេះពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ ដូចនេះហើយទើបសហរដ្ឋអាមេរិកយល់ព្រមអនុញ្ញាតឱ្យប្រទេសមួយចំនួនទៅទិញប្រេងពីប្រទេសរុស្ស៊ីដែលកំពុងស្តុកនៅសមុទ្របាន ដើម្បីជួយធ្វើឱ្យទីផ្សារថាមពលសកលមានស្ថិរភាពឡើងវិញ។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះក្រុមប្រទេសដែលជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ ដែលមានប្រទេសសរុបចំនួន ៣២ បានសន្យានឹងបញ្ចេញប្រេងបម្រុងទុកសរុបចំនួន ៤០០លានធុងបារ៉ែល ហើយនៅក្នុងនោះអាមេរិកបានសន្យានឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួនចំនួន ១៧០លានធុងបារ៉ែលផងដែរ ដើម្បីជួយដោះស្រាយវិបត្តិខ្វះខាតប្រេងឥន្ទនៈនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ឺរ៉ង់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia