វៀតណាម គ្រោងកាត់បន្ថយជើងហោះហើរ នៅចំពោះមុខបញ្ហាខ្វះខាតប្រេងឥន្ទនៈ
វៀតណាម៖ អាជ្ញាធរវៀតណាមគ្រោងកាត់បន្ថយជើងហោះហើរដោយសារបញ្ហាខ្វះខាតប្រេងឥន្ទនៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែមីនា។ តាមគម្រោងគឺវិធានការបន្ទាន់នេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីដើមខែមេសា រហូតដល់បញ្ហាខ្វះខាតប្រេងឥន្ទនៈអាចត្រលប់មករកភាពប្រក្រតីវិញ។
ប្រភពខាងលើបានបន្តថា អាជ្ញាធរវៀតណាមបានជូនដំណឹងអំពីគម្រោងខាងលើនេះបន្ទាប់ពីប្រទេសចិន និងប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ជាមួយយន្តហោះទៅកាន់ប្រទេសវៀតណាម បានសម្រេចហាមឃាត់ការនាំចេញប្រេងឥន្ទនៈមួយរយៈសិន។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកប្រទេសវៀតណាមបាននាំចូលប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ជាមួយយន្តហោះពីក្រៅប្រទេសក្នុងបរិមាណ ២/៣ នៃការតម្រូវការសរុប ហើយនៅក្នុងចំណោមប្រេងឥន្ទនៈនាំចូលទាំងអស់នោះគឺមានប្រេងឥន្ទនៈចំនួន ៦០%ត្រូវបាននាំចូលពីប្រទេសចិននិងប្រទេសថៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time