ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈលោក រ៉េន រតន អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថាក្នុងនាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត លោកសូមជម្រាបជូនក្រុមគ្រួសារ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមទាំងសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍ ស្ដីពីករណីលោកវរសេនីយ៍ទោ ម៉ាប់ សុផាត រងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានក្ដីសង្វេគយ៉ាងពន់ពេក ចំពោះលោកវរសេនីយ៍ទោ និងសូមចូលរួមរំលែកការឈឺចាប់របស់លោកវរសេនីយ៍ និងក្ដីទុក្ខព្រួយឥតគណនាបានជាមួយក្រុមគ្រួសាររបស់លោក។
ឋិតក្នុងវេលាប្រកបដោយក្ដីក្រៀមក្រំ និងការឈឺចាប់នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសគុណនៃមហាព្រហ្មវិហារធម៌នៃលោកអ្នកមានគុណរបស់លោកវរសេនីយ៍ទោ សូមជួយអភិបាលរក្សា និងប្រោះព្រំសាធុកាពរ ឱ្យលោកបានឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ដើម្បីឆាប់បានជាសះស្បើយពីមុខរបួស និងការឈឺចាប់។
លោក រ៉េន រតនៈ ក៏សូមជម្រាបជូនដែរថា ចំពោះក្រុមជនបង្ក និងអ្នកពាក់ព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយក្នុងវេលានេះ លោកសូមជម្រាបជូនបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ជាសេនាធិការ ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង ជាមួយជនបង្ក និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់រួចមកហើយនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន