អាជ្ញាធរវៀតណាមឃាត់ខ្លួនមនុស្ស ២នាក់ ជុំវិញករណីផលិតនិងចែកចាយប៊ីចេងនិងម្សៅស៊ុបក្លែងក្លាយជាង ៣តោន
វៀតណាម៖ អាជ្ញាធរវៀតណាមបានឃាត់ខ្លួនមនុស្ស ២នាក់ជុំវិញករណីផលិតនិងចែកចាយគ្រឿងទេសក្លែងក្លាយ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៧ ខែឧសភា។ គ្រឿងទេសដែលជនខិលខូចបានផលិតនិងចែកចាយនោះមានដូចជា ប៊ីចេង និងម្សៅស៊ុប ដែលសុទ្ធតែត្រូវបានច្រកក្នុងកញ្ចប់ផលិតផលម៉ាកកំពុងល្បីនៅលើទីផ្សារ។
Duong Thi Yen Oanh (រូបឆ្វេង) និង Ho Tu Phung (រូបស្តាំ)
ប្រភពខាងលើបានបន្តថា ក្នុងការបង្ក្រាបករណីខាងលើនេះអាជ្ញាធរវៀតណាមក៏បានរឹបអូសប៊ីចេង និងម្សៅស៊ុបក្លែងក្លាយប្រមាណជា ៣តោនផងដែរ ដែលក្រុមជនខិលខូចបានរក្សាទុកនៅក្នុងផ្ទះជួលរបស់ពួកគេ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ជនសង្ស័យក្នុងករណីខាងលើនេះមានចំនួនសរុប ៣នាក់ រួមមាន ឈ្មោះ Duong Thi Yen Oanh អាយុ ៤៧ឆ្នាំ និងឈ្មោះ Ho Tu Phung អាយុ ៤៥ឆ្នាំ ដែលត្រូវបានប៉ូលិសឃាត់ខ្លួនរួចរាល់ហើយ ខណៈម្នាក់ទៀតឈ្មោះ Duong Hoang Hieu អាយុ ៥៧ឆ្នាំ កំពុងស្ថិតនៅក្នុងការតាមចាប់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express