Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

WHO៖ អ្នកតេស្តវិជ្ជមានមេរោគ Hantavirus កើនដល់ ៦នាក់ ខណៈមេរោគអាចបង្កឱ្យមានអត្រាមរណភាព ៣៨%

BY Naren May 9, 2026
WHO៖ អ្នកតេស្តវិជ្ជមានមេរោគ Hantavirus កើនដល់ ៦នាក់ ខណៈមេរោគអាចបង្កឱ្យមានអត្រាមរណភាព ៣៨%

ស្វីស៖ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែឧសភានេះ មានអ្នកជំងឺសរុបចំនួន ៦នាក់ហើយ​ ដែលត្រូវបានធ្វើតេស្តវិជ្ជមានមេរោគ Hantavirus ខណៈអ្នកជំងឺ ២នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការតាមដានសុខភាព ដ្បិតក្រុមគ្រូពេទ្យកំពុងសង្ស័យថា ពួកគេក៏អាចនឹងឆ្លងមេរោគផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា អ្នកឆ្លងនិងអ្នកកំពុងស្ថិតក្នុងការសង្ស័យទាំង ៨នាក់នេះគឺជាក្រុមអ្នកដំណើរនៅនាវាទេសចរណ៍ ដែលជាកន្លែងផ្ទុះការរាតត្បាតមេរោក Hantavirus ដំបូង ពោលគឺវាមិនមែនជាករណីថ្មីនោះទេ។

ប្រភពខាងលើបានបន្តថា ដោយផ្អែកទៅលើតួលេខអ្នកឆ្លងនិងសង្ស័យចំនួន ៨ករណី និងមានអ្នកស្លាប់ចំនួន ៣ករណីផងនោះ ក្រុមអ្នកអ្នកជំនាញបានទាញសេចក្តីសន្និដ្ឋានជាបឋមថា មេរោគ Hantavirus អាចបង្កឱ្យមានអត្រាមរណភាព ៣៨%។ អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការរាតត្បាតមេរោគ Hantavirus ទៅកាន់មនុស្សនៅជុំវិញពិភពលោកគឺមានកម្រិតទាប ដោយមេរោគនេះនៅមិនទាន់បង្ហាញឱ្យឃើញពីទម្រង់នៃការរាតត្បាតឬចម្លងលឿនដូចមេរោគកូវីដ-១៩ នៅឡើយទេ។ យ៉ាងណាក្តី អង្គការសុខភាពពិភពលោកនឹងបន្តតាមដានស្ថានភាពនៃការរាតត្បាតមេរោគ  Hantavirus និងធ្វើបច្ចុប្បន្នភាពហានិភ័យរបស់មេរោគបន្ថែមទៀតផងដែរ៕

អត្ថ​បទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: