សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨»នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន៦នាក់ សង្ស័យករណី Online scam
ភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់លោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីកម្លាំងចម្រុះ អាជ្ញាធរខណ្ឌសែនសុខ។
ក្នុងចំណោមជនជាតិចិនទាំង៦នាក់នោះ ២នាក់មានលិខិតឆ្លងដែនចំនួន (១នាក់ផុតទិដ្ឋាការស្នាក់នៅ) ២នាក់គ្មានលិខិតឆ្លងដែនចំនួន , និង២នាក់ទៀត ប្រើលិខិតឆ្លងដែនក្លែងក្លាយ ។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង នៅជាន់ទី០៥ បន្ទប់ដាក់សម្ភារ: មានកុំព្យូទ័រយួរដៃ ចំនួន០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៧៤រឿង អេក្រង់ (MONITOR) ចំនួន ០១គ្រឿង។ នៅជាន់ទី០៥ បន្ទប់លេខ៥០១ រកឃើញក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្សរWY សង្ស័យជាគ្រឿងញៀនចំនួន ១៤គ្រាប់, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់អាវុធខ្លីចំនួន ០៥គ្រាប់ , អត្តសញ្ញាណប័ណ្ណប៉ូលីសចិនលេខ២១១៣០២ ចំនួន ០១សន្លឹក ,លិខិតឆ្លងដែនជនជាតិចិនលេខEH3527172 ជារបស់ឈ្មោះXU HAO ចំនួន ០១ក្បាល និងឯកសណ្ឋានកងរាជអាវុធហត្ថចំនួន ០៤កំប្លេ។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ច ជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ននេះ ជនជាតិចិន ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ (ផុតទិដ្ឋាការស្នាក់នៅ ០១នាក់ និងគ្មានលិខិតឆ្លងដែន០២នាក់) ប្រគល់ជូនទៅ ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។
ចំពោះជនជាតិចិន ចំនួន ០៣នាក់ ជនជាតិចិន ០១នាក់ (អ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨) និងជនជាតិចិន ចំនួន ០២នាក់ (កាន់លិខិតឆ្លងដែនក្លែងក្លាយ) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។
ចំណែកឯ សម្ភារៈវត្ថុតាងស្ថិតក្នុង បន្ទប់លេខ៥០១ ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត ខណៈដែល សម្ភារៈនិងវត្ថុតាងស្ថិតក្នុង បន្ទប់ដាក់សម្ភារៈ ប្រគល់ជូន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបទល្មើសបន្ថែម។
ក្នុងករណីនេះ ឈ្មោះ CHEN GUILIN ភេទប្រុស ជនជាតិចិន ត្រូវជាអ្នកគ្រប់គ្រងសណ្ឋាគារ ៦៦៦៨ បានយល់ព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យចំពោះករណីដែលបានអនុញ្ញាតឲ្យជនជាតិចិន ចំនួន ០៣នាក់ (ប្រុស) ស្នាក់នៅទីតាំងខាងលើ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕




ប្រភព ក្រសួងព័ត៍មាន