រូបរបស់លោក ដូណាល់ ត្រាំ អាចនឹងមាននៅលើក្រដាសប្រាក់ ២៥០ដុល្លារ របស់អាមេរិក
អាមេរិក៖ រូបរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងមាននៅក្នុងក្រដាសប្រាក់ ២៥០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The strait Time នៅក្នុងថ្ងៃទី២៩ ខែឧសភា។ ទាំងការបង្កើតក្រដាសប្រាក់ ២៥០ដុល្លារ និងការដាក់រូបលោក ដូណាល់ ត្រាំ នៅលើរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក នឹងក្លាយជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើវាអាចកើតឡើងពិតមែន។
បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថា សំណើសុំបង្កើតរូបិយប័ណ្ណថ្មីខាងលើនេះត្រូវបានរៀបចំរួចរាល់ហើយ តែគេនៅរង់ចាំការអនុម័តជាច្រើនដំណាក់កាលទៀត ហើយគេក៏នៅមិនទាន់អាចបញ្ជាក់បានថា ការអនុម័តជាផ្លូវការអាចនឹងកើតមាននៅពេលណានោះដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ប្រសិនបើសេណារីយ៉ូនៃការបង្កើតរូបិយប័ណ្ណថ្មីអាចកើតមានឡើងពិតមែននោះ គឺវានឹងក្លាយជាប្រវត្តិសាស្រ្តថ្មីមួយ ដែលសហរដ្ឋអាមេរិកមានរូបប្រធានាធិបតីកំពុងនៅរស់មានជីវិតនៅលើក្រដាសប្រាក់ ហើយវាក៏ជាចលនាចុងក្រោយរបស់គណៈបក្សសាធារណរដ្ឋក្នុងការបំបែកប្រពៃណីអាមេរិកផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The strait Time