មនុស្ស ៥នាក់ដែលបានជាប់ក្នុងរូងភ្នំនៅឡាវជាង ១០ថ្ងៃ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ខណៈ ២នាក់បន្តបាត់ខ្លួន
ឡាវ៖ មនុស្ស ៥នាក់ក្នុងចំណោម ៧នាក់ ដែលបានជាប់នៅក្នុងរូងភ្នំក្នុងប្រទេសឡាវអស់រយៈពេលជាង ១០ថ្ងៃ ត្រូវបានរំដោះចេញមកក្រៅវិញដោយសុវត្ថិភាពហើយ នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០ ខែឧសភា។ ដោយឡែកមនុស្ស ២នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ហើយគេនៅមិនទាន់ដឹងច្បាស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិត ឬយ៉ាងណានោះទេ។
សូមរម្លឹកជូនថា ហេតុការណ៍នេះបានផ្តើមកើតឡើងនៅក្នុងថ្ងៃទី១៩ ខែឧសភា នៅតំបន់រូបភ្នំក្នុងខេត្ត Xaisomboun ភាគកណ្តាល នៃប្រទេសឡាវ។ មនុស្សទាំង ៧នាក់ ដែលបានជាប់នៅក្នុងរូងភ្នំនោះគឺជាក្រុមអ្នកភូមិដែលនាំគ្នាទៅជីករកមាសនៅក្បែរតំបន់រូបភ្នំ តែដោយសារមានភ្លៀងធ្លាក់ខ្លាំងនិងបាក់ដី ពួកគេក៏បានព្យាយាមស្វែងរកកន្លែងជ្រកភ្លៀង ហើយចុងក្រោយក៏ត្រូវជាប់នៅក្នុងរូបនោះតែម្តង។ គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះឡាវ និងថៃ កំពុងបន្តស្វែងរកមនុស្ស ២នាក់ចុងក្រោយ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងជួបការរំខានយ៉ាងខ្លាំងដោយសារភ្លៀងនៅតែបន្តធ្លាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia